(ភ្នំពេញ)៖ តារាចម្រៀងបែប Original Song កញ្ញា អេដា ដែលមានឈ្មោះពិតថា ថុន សចរិយា បានសម្រេចចិត្ត ភ្ជាប់ពាក្យហើយ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ ជាមួយបុរសអនិកជនម្នាក់មានឈ្មោះថា តាន់ អេលែន ក្រោមវត្តមានសាច់ញាតិទាំងសងខាង និងអ្នកសិល្បៈ ចូលរួមយ៉ាងច្រើនកុះករ។ តារាចម្រៀង អេដា ត្រូវបានអ្នកគាំទ្រមើលឃើញថា មុននឹងសម្រចចិត្ត ភ្ជាប់ពាក្យនៅពេលនេះ ពួកគេទាំងពីរបានប្រើពេលវេលា មើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលអ្នកសិល្បៈវ័យស្របាលៗនឹងរូបនាង ក៏បានចូលរោងការអស់ជាបន្តបន្ទាប់ហើយដែរ។
តាមរយៈបណ្ដាញសង្គមរបស់តារាចម្រៀងល្បី សុគន្ធ និសា បានបង្ហាញរូបភាពនៃពិធីភ្ជាប់ពាក្យរបស់ អេដា និងគូដណ្ដឹង ក្រោមវត្តមានអ្នកសិល្បៈល្បីៗមានដូចជា តារាសម្ដែង មាន សូនីតា, តារាសម្ដែង ទឹម រដ្ឋា, តារាសម្ដែង សារាយ សក្ខណា, តារាចម្រៀង មាស សុខសោភា, រ៉ូលីន និងអ្នកសិល្បៈមួយចំនួនទៀត។ តារាចម្រៀងល្បី សុគន្ធ និសា បានសរសេរថា «ព្រឹកនេះ ចូលរួមពិធី សិរីមង្គល ពិធីភ្ជាប់ពាក្យរបស់ ប្អូនស្រី អេដា ជូនពរឲ្យប្អូនមានសុភមង្គល សុខសាន្ត..!»។
យ៉ាងណាមិញ ងាកមកមើលពិធីភ្ជាប់ពាក្យតារាចម្រៀង អេដា និងគូដណ្ដឹង នៅព្រឹកនេះវិញ គេសង្កេតឃើញថា បានរៀបចំតុបតែងយ៉ាងល្អប្រណីត មិនចាញ់ពិធីមង្គលការ ឬភ្ជាប់ពាក្យ របស់អ្នកសិល្បៈដទៃទៀតប៉ុន្មានឡើយ ជាពិសេស អេដា បានអញ្ជើញមិត្តភក្ដិក្នុងរង្វង់សិល្បៈ ដែលសុទ្ធសឹងតែជាតារាល្បីៗ ឲ្យចូលរួមធ្វើជាសក្ខីភាពដល់គូស្នេហ៍ របស់អ្នកទាំងពីរទៀតផង ខណៈពិធីទាំងមូលបានប្រព្រឹត្តិឡើងយ៉ាងអធិកអម នៅសណ្ឋាគារលំដាប់ផ្កាយដ៏ល្បីមួយ។
សូមបញ្ជាក់ថា បន្ទាប់ពីសាងភាពផ្អែមល្ហែម និងស្វែងយល់ចិត្តគ្នាស៊ីជម្រៅ អស់រយៈពេលច្រើនឆ្នាំមកនេះ តារាចម្រៀងល្បីឈ្មោះ អេដា បានឈានដល់ពិធីភ្ជាប់ពាក្យ ជាផ្លូវការនៅថ្ងៃនេះ ខណៈដែលកន្លងមក នាងក៏បានបង្ហាញរូបភាព Pre Wedding ជាមួយអនាគតស្វាមីយ៉ាងស្រស់ស្អាត ដើម្បីត្រៀមអបអរថ្ងៃមង្គលឆាប់ៗខាងមុខនេះ ។ ដំណឹងនេះបានធ្វើឲ្យមហាជនរំភើប និងអ្នកគាំទ្ររូបនាង ចូលរួមអបអរសាទរដល់ អេដា ក្រោយស្វែងរកគូជីវិតយល់ចិត្ត បានដូចបំណងប្រាថ្នា៕