(បាសេឡូណា)៖ FC Barcelona បានបន្តរងបរាជ័យក្នុងដីជាលើកទី៣ ជាប់ៗគ្នា និងធ្វើឲ្យក្រុមកំពូលតារាង Real Madrid ត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីគ្រងតំណែងជើងឯកពាន La Liga រដូវកាលក្នុងចំណោម ៥ប្រកួតដែលនៅសល់។

នេះក៏ជាលើកដំបូងសម្រាប់ ១ប្រតិទិនដែលក្រុមអ្នកមានបុណ្យ Barcelona បរាជ័យក្នុងដី ៣ប្រកួតជាប់គ្នាបែបនេះ ដ្បិតឱកាសប្រជែងជើងឯកលីគកំពូលអេស្ប៉ាញនារដូវកាលនេះ កាន់តែខើចទៅមែនទែនហើយ នៅពេលមិនអាចរក ៣ពិន្ទុបានក្នុងដីជាលើកទី២ ជាប់គ្នា ក្រោយពេលចាញ់ Eintracht Frankfurt នៅ UEL នាកីឡដ្ឋាន Camp Nou នេះដូចគ្នា។

កីឡាករ Alvaro Garcia ជាអ្នករកបានគ្រាប់ជ័យជម្នះត្រឹមចាប់ផ្តើមលេងបាន ៧នាទីប៉ុណ្ណោះឲ្យ Rayo Vallecano ដែលជាជ័យជម្នះទី២ របស់ពួកគេផងដែរទៅលើ Barcelona ដ្បិតកាលជើងទី១ ក៏បានយកឈ្នះក្នុងលទ្ធផល ១ទល់នឹង០ នេះដែរក្នុងទឹកដីរបស់ខ្លួន ដើម្បីមាន ៤០ពិន្ទុឡើងទៅឈរនៅលេខរៀងទី១១ ជាបណ្តោះអាសន្ន និងកាន់តែមានសុវត្ថិភាពពីការកាត់ចេញពី La Liga រដូវកាលនេះ។

ការបរាជ័យនេះដែរមានន័យថា ក្រុមរងជើងឯករដូវកាលមុន Real Madrid ដែលដឹកនាំដោយលោក Carlo Ancelotti ត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីគ្រងជើងឯក La Liga ជាលើកទី៣៥ របស់ពួកគេ ប្រសិនបើលេងមិនចាញ់ Espnayol នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕