(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ចំនួន ២៦នាក់ សម្រាប់ធ្វើតេស្ដដំណាក់កាលទី២ ដើម្បីជម្រុះយកកីឡាករ ២០នាក់ចុងក្រោយទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមនាខែឧសភាខាងមុខ។

កីឡាករទាំង ២៦នាក់ខាងលើរួមមានកីឡាករក្រុមបឹងកេត ៥នាក់, ព្រៃវែង ៤នាក់, ភ្នំពេញក្រោន ៣នាក់, វិសាខា ៣នាក់, ណាហ្គាវើលដ៏ ៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, អង្គរថាយហ្គឺរ ២នាក់, កងយោធពលខេមរភូមិន្ទ ១នាក់, អគ្គិសនីកម្ពុជា ១នាក់ និងគិរីវង់សុខសែនជ័យ ១នាក់។

លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា នេះគឺជាបញ្ជីឈ្មោះកីឡាករ ដែលបានឆ្លងកាត់ការធ្វើតេស្ដដំណាក់កាលទី១ ក្នុងចំណោមបេក្ខភាព ៥០នាក់ ហើយពួកគេ នឹងត្រូវចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី២ នៅថ្ងៃទី២៦ ខែមេសាស្អែកនេះ ដើម្បីជម្រុះយក ២០នាក់ចុងក្រោយដែលត្រូវបង្ហាញ ១ថ្ងៃមុនចេញទៅវៀតណាមនាដើមខែក្រោយ។

គួរដឹងថា ស៊ីហ្គេម លើកទី៣១ នៅវៀតណាម សម្រាប់វិញ្ញាសាបាល់ទាត់បុរស ក្រុម U23 កម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ សិង្ហបុរី ម៉ាឡេស៊ី និងឡាវ ខណៈប្រកួតដំបូង ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបឡាវ នាថ្ងៃទី០៩-ឧសភា មុនបន្ដជួបក្រុម U23 សិង្ហបុរី នាថ្ងៃទី១១-ឧសភា ហើយជួបក្រុម U23 ថៃ នាថ្ងៃទី១៤-ឧសភា និងចុងក្រោយជួបក្រុម U23 ម៉ាឡេស៊ី នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២៕