(ភ្នំពេញ)៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាឲ្យមានគុណភាពកាន់តែខ្ពស់ ដើម្បីឈានទៅរកការពង្រឹងបញ្ហាស្មារតីកីឡាករ-កីឡាការិនី ដែលជាសិស្សានុសិស្សចូលរួមផង និងរួមចំណែកផលិតធនធានថ្នាលបន្ដវេនសម្រាប់វិស័យកីឡាជាតិផង។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំនាយបេសកកម្មនៅថ្ងៃទី២៤ ខែមេសា ខណៈព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ដែលជាការប្រកួតលក្ខណៈហ្គេម ឬ National Primary School GAMES ឆ្នាំ២០២២ គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភាខាងមុខនេះនៅរាជធានីភ្នំពេញ។

អនុរដ្ឋលេខាធិការក្រសួងអប់រំខាងលើបានធ្វើការណែនាំឲ្យប្រតិភូកីឡាគ្រប់រាជធានីខេត្តទាំង២៥ ពិសេសកីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អ និងផលិតបានធនធានថ្នាលបន្តវេនឲ្យកាន់កាន់តែប្រសើរបន្ថែមទៀត។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានគូសបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានកែសម្រួលមកពីការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ៤ប្រភេទកីឡាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩ ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ទាំងការចូលរួម និងការរៀបចំឲ្យមានគុណភាពខ្ពស់ ក្រោមការដឹកនាំរប់សក្រសួងអប់រំ យុវជន និងកីឡា។

ព្រឹត្តិការណ៍នេះ សំដៅលើការប្រមូលផ្តុំកីឡាករ-កីឡាការិនីជាសិស្ស ដែលស្រឡាញ់វិស័យកីឡាឲ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំងបញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ មួយវិញទៀត អ្នកកីឡាជាសិស្សបឋមទាំងនោះ ក៏អាចក្លាយជាថ្នាលនៃមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសមត្ថភាព ស្របតាមទេពកោសល្យដែលខ្លួនមាន ព្រមទាំងអាចឈានដល់ការចូលរួមប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាពេលអនាគតទៀតផង។

លោកបន្ដថា ការប្រកួតនេះតម្រូវឲ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ដែលត្រូវផ្តើមចេញពីការអនុវត្តកីឡាក្រៅម៉ោងសិក្សាក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។

លោក ហួត សេងទ្រី បញ្ជាក់ថា រយៈពេល ៩ថ្ងៃ នៃការប្រកួតកីឡាសិស្សបឋមសិក្សាខាងលើ ក្រសួងបានកំណត់កីឡា ៨ប្រភេទសម្រាប់រៀបចំការប្រកួត រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ IFT ស្មើនឹង ៣៤វិញ្ញាសា និងមានប្រតិភូ កីឡាករ-កីឡាការិនីចូលរួមសរុប ១,៦៧៧នាក់ ដែលមកពី ២៥រាជធានីខេត្តទូទាំងប្រទេសកម្ពុជា៕