(បរទេស)៖ ចាប់តាំងពីបានទះកំផ្លៀង Chris Rock មួយដៃនៅលើឆាកនៃព្រឹត្តិការណ៍ពានរង្វាន់អូស្កា បង្កការភ្ញាក់ផ្ងើលពេញពិភពលោកមក តារាសម្តែងល្បីឈ្មោះរបស់អាមេរិក Will Smith ហាក់សំងំបាត់វត្តមានមួយរយៈ។ តែយ៉ាងណា នៅពេលនេះ លោកស្រាប់តែត្រូវបានគេប្រទះមានវត្តមានជាសាធារណៈជាលើកដំបូង នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ម្ចាស់ពានរង្វាន់អូស្ការូបនេះ ត្រូវបានគេឃើញថា មានវត្តមាននៅអាកាសយានដ្ឋានឯកជនមួយកន្លែង ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី២៣កន្លងទៅនេះ។ គេមិនបានដឹងនោះឡើយថាតើ ហេតុបានជា Smith ធ្វើដំណើរទៅប្រទេសឥណ្ឌា ប៉ុន្តែតារាប្រុសវ័យ៥៣ឆ្នាំរូបនេះ មើលទៅហាក់បីដូចជាសប្បាយចិត្ត និងមានកាយវិការក្រវីដៃទៅកាន់អ្នកថតរូបយ៉ាងរីករាយផងដែរ។ បន្ថែមពីនេះ Smith បាន ថត រូប ប៉ុន្មាន សន្លឹក ជាមួយ អ្នក គាំទ្រ រួម ទាំង សន្តិសុខ ផង ដែរ មុន ពេល ចូល ទៅ ក្នុង កន្លែង ព្រលាន យន្តហោះ។

បើគេនៅចាំមិនភ្លេច នេះមិនមែនជាដំណើរលើកដំបូងរបស់ Smith ទៅកាន់ប្រទេសឥណ្ឌានោះទេ។ តារាសម្តែងដែលទទួលបានពានរង្វាន់ផ្នែក «តារាសម្តែងឆ្នើម» រូបនេះ ធ្លាប់ទៅប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៩ ដើម្បីថតកម្មវិធីសិល្បៈ។ លោកក៏បានជួបតារាប៊ូលីវូដពីរបីនាក់ ហើយថែមទាំងបានបង្ហាញខ្លួនក្នុងឈុតឆាកក្នុងភាពយន្តហិណ្ឌូចំណងជើងថា « Student Of The Year 2» ទៀតផង។

គួរជម្រាបថា ចាប់តាំងពីការទះកំផ្លៀង Chris Rock នៅលើឆាកក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្កា លើកទី៩៤ មក Smith ត្រូវបានហាមប្រាមពីកម្មវិធីនេះរយៈពេល១០ឆ្នាំ។ បន្ថែមពីនេះ គម្រោងជាច្រើនដែលពាក់ព័ន្ធនឹងតួសម្តែងរបស់លោក ក៏អាចនឹងត្រូវលុបចោលផងដែរ៕