(ប៉ារីស)៖ ពេលវេលាចាកចេញពីក្លិប Paris Saint-Germain របស់គ្រូបង្វឹក Mauricio Pochettino ជិតមកដល់ហើយ នៅពេលលោក Antonio Conte ដែលកំពុងដឹកនាំក្លិប Tottenham Hotspur ត្រៀមជំនួសតំណែង។

តាមរយៈសារព័ត៌មានបារាំង Le Parisien បានចេញផ្សាយថា PSG ត្រៀមបង់លុយសងជំងឺចិត្តប្រមាណ ១៥លានអឺរ៉ូ ជាថ្នូរនឹងការបញ្ចប់កិច្ចសន្យារបស់លោក Pochettino និងបុគ្គលិករបស់គាត់មុនពេលកំណត់ដែលនៅសល់ ១ឆ្នាំទៀត នាកីឡដ្ឋាន Parc des Princes។

តែបើផ្អែកទៅលើបុរសសញ្ជាតិអាហ្សង់ទីន Pochettino ដែលបានថ្លែងក្នុងសន្និសីទនាពេលថ្មីៗនេះវិញបានបញ្ជាក់ថា «វាពុំមែនជាពេលដែលត្រូវនិយាយពីរឿងចាកចេញនោះទេ ដ្បិតខ្ញុំនៅសល់កិច្ចសន្យា ១ឆ្នាំទៀតជាមួយ Paris»

កន្លងមកម្ចាស់ក្លិប PSG ដែលជាសែស្រឡាយស្តេចកាតា មានបំណងយកលោក Zinedine Zidane មកដឹកនាំ មុនតែងតាំងលោក Mauricio Pochettino ទៅទៀត គ្រាដែលបុរសសញ្ជាតិបារាំងខាងលើ ក៏កំពុងអត់ការងារធ្វើផងដែរ ក្រោយចាកចេញពី Real Madrid ជាលើកទី២ នារដូវកាលមុនមក។

តែយ៉ាងណា ប្រភពព័ត៌មានខាងលើដដែលបានឲ្យដឹងទៀតថា លោក Antonio Conte ខ្លួនលោកផ្ទាល់ ក៏បានផ្តល់កិច្ចសន្យារយៈពេល ២ឆ្នាំទៅឲ្យ PSG ក្នុងការដឹកនាំក្រុមជើងខ្លាំងប្រចាំរដ្ឋធានី Paris នេះដែរ គ្រាដែលម្ចាស់ក្លិប Spurs គឺលោក Daniel Levy ក៏មានបំណងយក Mauricio Pochettino ទៅដឹកនាំវិញដែរ៕