(ភ្នំពេញ)៖ បណ្តាញទំនាក់ទំនងសង្គម គឺជាមធ្យោបាយផ្សព្វផ្សាយដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាការពារបរិស្ថាន ទាំងនៅថ្នាក់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមអ្នកធ្វើការងារលើកិច្ចការការពារបរិស្ថាន។

ថ្លែងនៅក្នុងឱកាសទិវាភពផែនដីឆ្នាំ២០២២ អេកូយុវទូត (YEA) ដែលជាសហគមន៍ ដែលមានគោលបំណងផ្តល់អំណាច បំផុស និងអប់រំប្រជាពលរដ្ឋកម្ពុជា អំពីរបៀបរស់នៅកាន់តែមាននិរន្តរភាព បានបង្ហាញអនុសាសន៍មួយចំនួន អំពីរបៀបចូលរួមយ៉ាងងាយស្រួល ក្នុងការការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើបណ្តាញទំនាក់ទំនងសង្គម។ អនុសាសន៍ទាំងនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើភពផែនដីរបស់យើង»

កញ្ញា វិន ពុទ្ធាលី អ្នកសម្របសម្រួលគម្រោងនៃអេកូយុវទូត បានមានប្រសាសន៍ថា៖ «មានបញ្ហាប្រឈមជាច្រើន ដែលត្រូវជម្នះក្នុងប្រទេសកម្ពុជា។ ទោះបីជាមានចលនាជាច្រើន លើកស្ទួយរបៀបរស់នៅបៃតង និងការបោះចោលសំរាមឱ្យបានត្រឹមត្រូវក៏ដោយ ក៏ប្រជាជនកម្ពុជាភាគច្រើន នៅតែបោះចោលសំរាម និងប្លាស្ទិកពាសវាលពាសកាល។ យើងប្រឹងប្រែងយ៉ាងខ្លាំងលើកិច្ចការពាក់ព័ន្ធនឹងការយល់ដឹង ពាក់ព័ន្ធនឹងសំរាម និងការផ្លាស់ប្តូរឥរិយាបថ និងលើការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធគ្រប់គ្រងសំរាមក្នុងសហគមន៍»

អេកូយុវទូតចាត់ទុកការលើកកម្ពស់ការយល់ដឹង ការផ្សព្វផ្សាយព័ត៌មាន និងបន្ទាប់មកការចាត់វិធានការថាជាគន្លឹះសំខាន់ក្នុងការការពារបរិស្ថានកម្ពុជា។ ពួកគេប្រើប្រាស់ឧបករណ៍អនឡាញ ដើម្បីជួយជំរុញឱ្យមានការផ្លាស់ប្តូរក្នុងចំណោមយុវជននៅក្នុងទីក្រុង និងសហគមន៍ជនបទ ដើម្បីជួយពួកគេឱ្យក្លាយជាគំរូអំពីរបៀបរស់នៅកាន់តែមានសុខដុមរមនាជាមួយធម្មជាតិ និងឈានមុខគេក្នុងសកម្មភាពគម្រោងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេផ្ទាល់។

កញ្ញា ពុទ្ធាលី បានបន្ថែមថា៖ «យើងជឿជាក់ថា បណ្តាញទំនាក់ទំនងសង្គមមានតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង ផ្សព្វផ្សាយព័ត៌មាន និងលើកទឹកចិត្តមនុស្សឱ្យធ្វើសកម្មភាព។ វាជាភ្លែតហ្វមមួយសម្រាប់ពួកយើង ដើម្បីចែករំលែកមាតិកា និងភ្ជាប់ទំនាក់ទំនងជាមួយយុវជន ដែលចាប់អារម្មណ៍ចូលរួមក្នុងសកម្មភាពគម្រោងរបស់យើង»

អេកូយុវទូត ធ្វើយុទ្ធនាការបង្កើនការយល់ដឹងតាមអ៊ីនធឺណិត នៅលើភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗដូចជា Facebook គេហទំព័ររបស់ពួកគេ ដើម្បីផ្សព្វផ្សាយទៅដល់ទស្សនិកជនកម្ពុជា កាន់តែច្រើន ផ្តល់ព័ត៌មាន និងអំពាវនាវឱ្យមានសកម្មភាព។ ពួកគេពន្យល់ថា លំហឌីជីថលអាចត្រូវបានប្រើប្រាស់ ដើម្បីរំលេចមុំផ្សេងៗនៃបញ្ហាបរិស្ថាន និងចាប់យករឿងរ៉ាវនានាដើម្បីបំផុសគំនិតយុវជនកម្ពុជា។

លើសពីនេះទៀត បណ្តាញទំនាក់ទំនងសង្គមជួយឱ្យមានទំនាក់ទំនង ជាមួយយុវជនក្នុងកម្រិតកាន់តែស៊ីជម្រៅ ដែលបណ្តាញទំនាក់ទំនងសង្គមទំាងនោះមានដូចជា Facebook, Messenger, Instagram, កម្មវិធីផ្ញើសារផ្ទាល់ IG, មុខងារបង្កើតគ្រុប (Groups) ទំព័រឬផេក (Pages) និងកម្មវិធី (Events) នៅលើ Facebook និងផ្សេងៗទៀត។

ចាប់តាំងពីឆ្នាំ២០១៥មក អេកូយុវទូតបានដំណើរការយុទ្ធនាការឌីជីថលផ្សេងៗជាច្រើន រួមទាំងកម្មវិធីយុវជន ដើម្បីដាក់កម្រិតដល់ការប្រើប្រាស់ប្លាស្ទិក របៀបរស់នៅកាន់តែមាននិរន្តរភាពជាងមុន និងការគាំទ្រសត្វព្រៃ។ ពួកគេបានបង្កើតឧបករណ៍សិក្សារៀនសូត្រ បានរៀបចំការតាំងពិពណ៌ កម្មវិធីនិទានរឿង មហោស្រពភាពយន្ត ហើយថែមទាំងបានសហការជាមួយ KOLs ដែលធ្វើការងារលើកិច្ចការពារបរិស្ថានទៀតផង ដូចជា Green Lady ជាដើម។

កញ្ញាបានបន្ថែមថា៖ «ដំបូង អ្នកត្រូវយល់អំពីបរិបទសង្គម និងវប្បធម៌របស់ទស្សនិកជនរបស់អ្នក បញ្ហា និងដំណោះស្រាយដែលអ្នកកំពុងព្យាយាមផ្សព្វផ្សាយ បន្ទាប់មកអ្នកអាចបង្កើតមាតិកាបរិស្ថានប្រកបដោយការយល់ដឹងស៊ីជម្រៅ និងច្នៃប្រឌិតសម្រាប់ទស្សនិកជននោះ»

តើអ្នកអាចស្វែងរកការបំផុសគំនិតនៅទីកន្លែងណា?

មានគ្រុបផ្សេងៗជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា ដែលប្រជាពលរដ្ឋអាចចូលមើល និងស្វែងយល់អំពីការការពារបរិស្ថាន ឬចូលរួម ដូចជា MekongWonders.org, Young Eco Ambassador, Green for Future Cambodia, Think Plastic, Dek Kit, ZeroW ឬអង្គការអភិរក្សនានាដូចជា WWF ឬ Wildlife Alliance ជាដើម។

ប្រជាជនកម្ពុជាជាង ៤០ម៉ឺននាក់ចូលរួមយ៉ាងហោចណាស់ក្នុងគ្រុប Facebook មួយដែលផ្តោតលើការរកឃើញអ្វីមួយ ការការពារ និងការដឹងគុណដល់ភពផែនដី និងបរិស្ថានរបស់យើង។ លើសពីនេះ មានអាជីវកម្មជាង ២៥០នៅលើ Instagram ក្នុងប្រទេសកម្ពុជា ដែលពណ៌នាខ្លួនឯងថាជាអាជីវកម្មមិនប៉ះពាល់បរិស្ថាន។

មនុស្សគ្រប់គ្នាអាចបង្ហាញការគាំទ្ររបស់ខ្លួនដោយប្រើស្ទីគ័ររបស់ Instagram ស៊ុមប្រូហ្វាល់របស់ Facebook និងស្ទីឃ័រនៅលើ Messenger សម្រាប់ទិវាភពផែនដី។ អ្នកប្រើប្រាស់ Facebook អាចចូលទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រអាកាសធាតុរបស់ Facebook ដើម្បីស្វែងយល់អំពីសកម្មភាពប្រចាំថ្ងៃដែលពួកគេអាចធ្វើបាន និងស្វែងយល់បន្ថែមអំពីការការពារបរិស្ថានសកល និងក្នុងតំបន់។

អ្នកប្រើប្រាស់ក៏អាចទិញទំនិញប្រកបដោយនិរន្តរភាពផងដែរតាមរយៈការជ្រើសរើសផលិតផលមួយតឹកនៅលើទីផ្សារ Facebook Marketplace ជំនួសឱ្យការទិញផលិតផលថ្មី ហើយអ្នកគ្រប់គ្នាអាចប្រើប្រាស់ Facebook Marketplace ដើម្បីទិញ និងលក់របស់របរមួយតឹកនៅក្នុងសហគមន៍មូលដ្ឋានរបស់អ្នកនិងនៅទីកន្លែងផ្សេងទៀត ដូចជាកង់ រុក្ខជាតិ សម្លៀកបំពាក់ និងរបស់របរជាច្រើនទៀត៕