(កូរ៉េ)៖ តារាចម្រៀងទោលល្បីឈ្មោះ ម្ចាស់បទចម្រៀងល្បី «Gangnam Stlye» គឺ PSY ប្រកាសវិលត្រឡប់មកកំដរអារម្មណ៍ទស្សនិកជនឡើងវិញ តាមរយៈការបញ្ចេញស្នាដៃចម្រៀងថ្មី បន្ទាប់ពីខកខានរយៈពេល៥ឆ្នាំ។ ថ្មីៗនេះលោក PSY បានចេញមុខបញ្ជាក់ជាផ្លូវការថា បទចម្រៀងក្នុងអាល់ប៊ុមទី៩របស់ខ្លួន ដែលគ្រោងនឹងបញ្ចេញនាប៉ុន្មានថ្ងៃខាងមុខនេះ ជាស្នាដៃផលិតដោយលោក Suga សមាជិក BTS។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Twitte លោក PSY បានចែករំលែកចំណងជើងនៃបទចម្រៀងថ្មី ក្នុងអាល់ប៊ុមទី៩របស់លោក ក្រោមចំណងជើងថា «That That» ដែលផលិតដោយ Suga សមាជិកក្នុងក្រុមល្បី BTS។ ក្នុងវីដេអូមួយ តារាទាំងពីររូប គឺ PSY និង Suga ក៏បានបញ្ចេញមតិពាក់ព័ន្ធនឹងការសហការគ្នាក្នុងបទចម្រៀងមួយនេះផងដែរ។

គួរជម្រាបថា បទចម្រៀងថ្មី ចំណងជើងថា «That That» នេះ នឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី២៩ ខែមសា ខាងមុខនេះ នៅវេលាម៉ោង៦ល្ងាច ពេលវេលានៅកូរ៉េខាងត្បង៕