(ក្រុងរ៉ូម)៖ ខ្សែការពារស្លាបឆ្វេង Georgio Chiellini បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអ៉ីតាលីហើយ នៅក្រោយបញ្ចប់ ១ប្រកួតចុងក្រោយនៅកីឡដ្ឋាន Wembley ទល់នឹងពពកសអាហ្សង់ទីន បន្ទាប់ពីចំណាយពេល ១៨ឆ្នាំលេងឲ្យអាសូរីរួចមក។

ក្នុងរយៈពេល ១៨ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០០៤ មក បុរសវ័យ ៣៧ឆ្នាំ Chiellini បានចូលលេងចំនួន ១១៦ប្រកួតឲ្យជម្រើសជាតិអ៉ីតាលី រួមទាំងការឈ្នះពាន FIFA World Cup 2006 នៅប្រទេសអាល្លឹម៉ង់ និងពានជើងឯកអឺរ៉ុប UEFA Euro 2020 នៅពេលឈ្នះវគ្គផ្តាច់ព្រ័ត្រទៅលើអង់គ្លេសដោយបាល់ ១១ម៉ែត្រ។

ប្រធានក្រុមជម្រើសជាតិអ៉ីតាលី និងសេះបង្កង់ Juventus ផងនោះបានថ្លែងប្រាប់ DAZN ក្រោយពេល Juventus យកឈ្នះ ២-១ ទៅលើ Sassuolo នាយប់មិញនេះថា «ខ្ញុំនឹងនិយាយ say goodbye ទៅកាន់ជម្រើសជាតិនៅកីឡដ្ឋាន Wembley ជាទីដែលពោរពេញដោយបទពិសោធន៍ជាមួយនឹងការឈ្នះពាន Euros។ ខ្ញុំចង់និយាយពាក្យនេះទៅកាន់ Azzurri ជាមួយនឹងអានុស្សាវរីយ៍ដែលពុំអាចបំភ្លេចបាន ក្នុងខណៈនោះជា ១ប្រកួតចុងក្រោយសម្រាប់ខ្ញុំដែរ»

Chiellini ដែលបានចូលលេងវគ្គផ្តាច់ព្រ័ត្រ នៅពេលអ៉ីតាលីរងជើងឯកពាន Euro 2012 បានក្លាយជាកីឡាករទី៥ ដែលចូលលេងឲ្យជម្រើសជាតិអ៉ីតាលីច្រើនជាងគេ បន្ទាប់ពី Andrea Pirlo, Daniel de Rossi, Paolo Maldini, Fabio Cannavaro និង Gianluigi Buffon ជាដើម៕