(បរទេស)៖ ដូចដែលអ្នកទាំងអស់គ្នាបានដឹងអ៊ីចឹង TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ហើយយើងក៏មិនប្លែកអារម្មណ៍ដែរ ដែលអតិថិជនដ៏ធំបំផុតដែលតែងតែទទួលការផ្គត់ផ្គង់បន្ទះឈីបពីក្រុមហ៊ុននេះគឺជា ក្រុមហ៊ុនបចេ្ចកវិទ្យាលំដាប់ខ្នាតយក្ស Apple នោះ។ ខណៈពេលថ្មីៗនេះក៏ទទួលបានដំណឹងដែលថា TSMC នឹងជាក្រុមហ៊ុនតែមួយគត់ដែលផ្គត់ផ្គង់បន្ទះឈីបដែលមានតម្លៃជាង ១៧ពាន់លានដុល្លារអាមេរិកឯណោះទៅកាន់ Apple។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

តាមប្រភពពី DigiTimes បានរាយការណ៍ថា TSMC នឹងនាំយកបន្ទះឈីបដែលមានតម្លៃជាង ១៧.០៧ពាន់លានដុល្លារអាមេរិកទៅឱ្យ Apple នៅក្នុងឆ្នាំ២០២២នេះ។ មានន័យថានៅឆ្នាំនេះនឹងមានការកើនឡើងជាង ២៣ភាគរយនៃការនាំចេញលើសពីឆ្នាំ២០២១ នៅពេលដែល TSMC បានប្រគល់បន្ទះឈីបដែលមានតម្លៃ ១៣.៨៤ ពាន់លានដុល្លារអាមេរិកទៅឱ្យ Apple។

កាលពីថ្មីៗនេះ TSMC ទើបតែប្រកាសថាខ្លួននឹងចាប់ផ្តើមនាំយកបន្ទះឈីប 3nm ដល់អ្នកប្រើប្រាស់នៅឆ្នាំក្រោយជាមួយនឹងបន្ទះឈីប 2nm នឹងមកដល់ក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងការកើនឡើងនៃការនាំចេញក្នុងចំនួនដ៏ច្រើននេះ បើនិយាយពីប្រាក់ចំណូលដែល TSMC រកបានកាលពីត្រីមាសទី១ កន្លងទៅគឺជាចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់មួយ ដែលទទួលបានសរុបដល់ទៅ ៤៩១.០៨ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រាក់ចំណូលសុទ្ធចំនួន ២០២.៧៣ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះប្រាក់ចំណេញដែលទទួលបានគឺ ៤១.៣ភាគរយឯណោះ។

គួរបញ្ជាក់ដែលថា TSMC គឺជាកន្លែងផលិតបន្ទះឈីប ប៉ុន្តែក្រុមហ៊ុននេះមិនធ្វើការឌីហ្សាញបន្ទះឈីបនោះទេ។ ហើយអតិថិជនដែលទទួលការផ្គត់ផ្គង់បន្ទះឈីបពី TSMC ក្រៅពី Apple នៅមានក្រុមហ៊ុនបច្ចេកវិទ្យាដ៏លេចធ្លោផ្សេងទៀតរួមមាន Qualcomm, Intel, Nvidia និង AMD ផងដែរ៕