(សៀមរាប)៖ អ្នកជំនាញនៃអាជ្ញាធរជាតិបានឱ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬគេអាចហៅថា «រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចនឹងកាន់តែមានភាពរឹងមាំមួយកម្រិតទៀត។
លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតបាកាណ បានឲ្យដឹងថា គម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ ជិតសម្រេចរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗដែលនៅសេសសល់ប៉ុណ្ណោះ។ គម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។
ក្រុមអ្នកជំនាញផ្នែកជួសជុលឱ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តនៅជ្រុងនិរតី និងពាយ័ព្យមានសភាពទ្រុឌទ្រោមខ្លាំងដោយសារកត្តាជាច្រើន ដូចជា អាយុកាលនៃសំណង់ចាស់ធ្វើឱ្យថ្មពុក ប្រេះ និងបាក់ ការបោះបង់ចោលដោយគ្មានការថែរក្សារយៈពេលយូរ ការបំផ្លាញដោយធម្មជាតិ មានរុក្ខជាតិ ដុះចាក់ឬស និងទឹកភ្លៀងហូរច្រោះគ្រឹះថ្មបាយក្រៀម។ កន្លងមកអាជ្ញាធរជាតិអប្សរាបានធ្វើការទល់ទ្រជាបន្តបន្ទាប់ផងដែរ តែលើកនេះគឺក្រុមការងារបានរើ កាយយកកំណកដី កម្ទេចថ្ម ចេញរួចដាក់ថ្មចូលទីតាំងដើមវិញរុញឱ្យបានកិបល្អ លែងសូវមានឃើញចន្លោះប្រហោងទៀតហើយ។
លោកបានបន្តទៀតថា «ក្រុមការងារពិតជាសប្បាយចិត្តដោយសារ យើងអាចបម្លាស់ទីថ្មខ្លះដែលមានទម្ងន់ប្រហែលជាង៣តោន និងបានដឹកជញ្ជូនថ្មថ្មីយកទៅប្រើប្រាស់ដោយសុវត្ថិភាព»។
លោក មុនី បន្តទៀតថា ក្នុងពេលជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តនេះដែរ ក្រុមការងារបានរកផ្គុំថ្ម រៀបចំថ្មដែលនៅរាយប៉ាយជុំវិញខឿន ដើម្បីរកកន្លែងដើមរបស់វាហើយអាចនឹងយកថ្មទាំងនោះ ទៅរៀបចូលនៅកន្លែងដើមវិញបានមួយចំនួនធំ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជួយទល់ទ្រសរសរណាដែលមានសភាពទ្រុឌទ្រោមថែមទៀតផង។
រួតបាកាណនៃប្រាសាទអង្គរវត្ត ជ្រុងនិរតីនិងពាយ័ព្យនេះធ្លាប់បានជួសជុលម្ដងដោយសាលាបារាំងចុងបូព៌ាកាលពីចន្លោះឆ្នាំ១៩៣៥-១៩៣៦ ហើយក្រោយៗមក ការជួសជុលជាគម្រោងធំដុំ គឺពុំធ្លាប់មានទេ មានតែគម្រោងជួសជុលតូចតាច ដូចជា កាលពីឆ្នាំ២០០០ អាជ្ញាធរជាតិអប្សរាធ្លាប់បានជួសជុលទល់ទ្រ និងធ្វើជណ្តើរ និងមានអង្គការ GACP អាល្លឺម៉ង់ធ្លាប់ជួយជួសជុលរូបអប្សរានិងប្រាង្គមួយចំនួនដែលមានថ្មពុកផុយខ្លាំង។
ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ជ្រុងនិរតីនិងពាយ័ព្យជាថ្មី ដោយប្រើឆន្ទៈខ្ពស់បំផុត ពីព្រោះការជួសជុលនេះ មិនអាចនាំយកគ្រឿងចក្រចូលបាន គឺត្រូវប្រើកម្លាំងមនុស្សសុទ្ធដើម្បីលើកដុំថ្មធំៗយកទៅតម្រៀបគ្នាឡើងវិញរហូតបានសម្រេច។
បន្ទាប់ពីបញ្ចប់ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ឬរួតបាកាណនេះ ក្រុមការងារនឹងស្នើសុំមានគម្រោងជួសជុលខឿនបាកាណពីរជ្រុងទៀត គឺជ្រុងអគ្នេយ៍ និងជ្រុងឦសានដែលមានសភាពខូចខាតខ្លាំងគួរឱ្យបារម្ភ៕