(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) បានរៀបចំកម្មវិធីអបអរសាទរ វឌ្ឍនភាពថ្មី មីជាតិ មីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស ដោយបានរៀបចំឡើង នៅបរិវេនរោងចក្រក្នុងមូលដ្ឋាន សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កម្មវិធីនេះបានរៀងចំឡើងយ៉ាងឱឡារិក ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី អ៉ឹម ប៉ូលីកា សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ), លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន និងអ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS និងវត្តមានភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ បុគ្គលិក និងដៃគូអាជីវកម្ម។

លោក គ្រីសន ណុនតាវារ៉ា កនគុល, អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានថ្លែងថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង គឺជាក្រុមហ៊ុនផលិត មីកញ្ចប់ឆ្អិនស្រាប់ទីមួយ នៅប្រទេសកម្ពុជា ដែលបានអនុវត្តតាមបទដ្ឋាន ចំណីអាហារអន្តរជាតិ រហូតទទួលបានការសវកម្ម ជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ GHPs, HACCP និង ISO 9001:2015 ពីស្ថាប័ន SGS និង UKAS។ លោកអ្នកតំណាង បានបន្តទៀតថា ការទទួលស្គាល់នេះនឹងធ្វើឲ្យដៃគូ អាជីវកម្ម អ្នកប្រើប្រាស់ និងពិសាផ្ទាល់នូវផលិតផលមីជាតិ កាន់តែមានទំនុកចិត្ត ទៅលើផលិតផល គុណភាព អនាម័យ និងសេវាកម្ម របស់ក្រុមហ៊ុន ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ខណៈនេះជាជោគជ័យ និងជាមោទនភាពថ្មីមួយទៀត សម្រាប់ផលិតផលមីជាតិ។

លោកស្រី ជឹង សុគន្ធាវី បានលើកឡើងថា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន បានប្តេជ្ញាចិត្តជាមួយនឹងមហិ្ចតា នៃការបំពេញឲ្យបានតាមទស្សនវិស័យ ក្នុងការផ្តល់ជូននូវមីឆ្អិនស្រាប់គុណភាពខ្ពស់ សម្រាប់ជីវិតមនុស្ស និងសង្គម ព្រមជាមួយបេសកម្ម ក្នុងការក្លាយទៅជាក្រុមហ៊ុនជាតិ ដែលត្រូវបានកោតសរសើរជាងគេ ក្នុងវិស័យផលិតចំណីអាហារ និងអនុលោមតាមបទដ្ឋានស្តង់ដារអន្តរជាតិ។

ក្រុមហ៊ុនមីជាតិ ដែលទើបតែចាប់ផ្តើមដំណើរការថ្មីៗ នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ យ៉ាងក្រៃលែងរហូតទទួលបានការវាយតម្លៃជាប់ជាផ្លូវការជាមួយវិញ្ញាបនបត្របញ្ជាក់ GHP, HACCP និង ISO 9001:2015 ពីស្ថាប័ន SGS និង UKAS ដែលជាស្ថាប័នទទួលខុសត្រូវ ក្នុងការវាយតម្លៃសង្វាក់ផលិតកម្ម ចំណីអាហារ ស្របទៅតាមស្តង់ដារ អនាម័យពិភពលោក។

គួរបញ្ជាក់ថា ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង (មីជាតិ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ផ្ចិតផ្ចង់ សម្រិតសម្រាំង ព្រមជាមួយការផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ដើម្បីផ្តល់នូវផលិតផលគុណភាខ្ពស់ អនាម័យ ជាមួយរសជាតិខ្មែរពិតៗ។ មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺមីជាតិខគោ មីជាតិសាច់ជ្រូកចិញ្រ្ចាំ និងមីជាតិ ស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធ ស្រាវជ្រាវ យ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្រប ទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ៕