(ភ្នំពេញ)៖ ម៉ាស្ទ័រកាត និងធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ កាតឥណពន្ធ ធនាគារវីង ដែលជាកាតគ្មានលេខដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគាំទ្រដោយបច្ចេកវិទ្យា ដែលផ្តល់នូវសុវត្ថិភាពឈានមុខគេ ក្នុងឧស្សាហកម្មរបស់ម៉ាស្ទ័រកាត ព្រមទាំងបណ្តាញទូទាត់ដែលលាតសន្ធឹងទៅកាន់២១០ប្រទេស អ្នកប្រើប្រាស់កាតនេះនឹងអាចធ្វើប្រតិបត្តិការ នៅតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិតដោយរលូន ហើយអាចទុកចិត្តបានថា ការធ្វើប្រតិបត្តិការទិញមានសុវត្ថិភាព។

កាតថ្មីដែលភ្ជាប់ជាមួយគណនីរបស់ធនាគារ វីង អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង និងត្រួតពិនិត្យប្រវត្តិប្រតិបត្តិការ និងសមតុល្យប្រកបដោយសុវត្ថិភាព។ អ្នកប្រើប្រាស់អាចពិនិត្យព័ត៌មានលម្អិតរបស់កាត តាមរយៈកម្មវិធីវីងប៊ែងអេបបានដោយងាយស្រួល ដើម្បីធ្វើការទិញតាមប្រព័ន្ធអ៊ីនធឺណិត ដោយមិនពឹងផ្អែកទាំងស្រុងលើព័ត៌មានលម្អិត ដែលបង្កប់នៅលើកាតរូបវ័ន្តនោះឡើយ។

ធនាគារ វីង ប្តេជ្ញាចិត្តក្នុងការផ្ដល់បរិយាប័ន្នហិរញ្ញវត្ថុ ទៅដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ។ កាលពីពេលថ្មីៗនេះធនាគារ វីង បានសម្ពោធអាជ្ញាប័ណ្ណធនាគារពាណិជ្ជរបស់ខ្លួន ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា ដើម្បីដំណើរការសេវាកម្មធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថលដ៏ធំទូលំទូលាយរបស់ខ្លួន។ ម៉ាស្ទ័រកាតបានចាប់ដៃគូជាមួយ វីង តាំងពីឆ្នាំ២០១៨ ដើម្បីផ្តល់ឲ្យអតិថិជននូវភាពបត់បែននៃការទូទាត់កាន់តែច្រើន។

គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមរវាង ម៉ាស្ទ័រកាត និងធនាគារ វីង ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងឌីជីថលនៅប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះបំពេញបន្ថែមទៅលើភាពជាដៃគូមានស្រាប់ដូចជា៖ សេវាទូទាត់ចល័តដោយប្រើប្រាស់ QR នៅកម្ពុជា តាមរយៈការសម្ពោធឲ្យដំណើរការ កាតនិម្មិតបង់ប្រាក់មុន Wing Online Mastercard និង វីង SOHO Club Mastercard សម្រាប់ការទិញទំនិញ និងរង្វាន់ដោយមិនប្រើសាច់ប្រាក់។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានឲ្យដឹងថា «យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការពង្រឹងភាពជាដៃគូជាមួយ ម៉ាស្ទ័រកាត ដើម្បីណែនាំផលិតផលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយឲ្យអតិថិជនមានវិធីកាន់តែច្រើន ដើម្បីប្រើប្រាស់ទ្រព្យធនរបស់ខ្លួន ដោយផ្តោតលើការដំណោះស្រាយកា រទូទាត់ងាយស្រួលដែលមានភាពបត់បែនខ្ពស់បំផុត ហើយជាមួយនឹងកាតឥណពន្ធ ម៉ាស្ទ័រកាត របស់ធនាគារ វីង អាចផ្តល់ឲ្យអតិថិជននូវបច្ចេកវិទ្យាទូទាត់កម្រិតខ្ពស់ដូចគ្នា ទៅនឹងស្ថាប័នហិរញ្ញវត្ថុប្រពៃណី»

យោងតាម Mastercard New Payments Index 2021 សេចក្តីត្រូវការបច្ចេកវិទ្យាទូទាត់កាន់តែសម្បូរបែបជាងមុន មានកំណើនខ្លាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ៩៤ភាគរយ នៃអ្នកដែលត្រូវបានស្ទង់មតិបានឲ្យដឹងថា ពួកគេនឹងពិចារណាប្រើប្រាស់ យ៉ាងហោចណាស់វិធីសាស្ត្រទូទាត់ដែលដាក់ឲ្យដំណើរការកាលពីឆ្នាំមុនដូចជា៖ QR codes និង កាបូបប្រាក់ឌីជីថល ឬកាបូបចល័ត ជាដើម។ ទម្រង់ថ្មីនៃការទូទាត់បែបឌីជីថល កំពុងនាំមកនូវអត្ថប្រយោជន៍ដល់ពាណិជ្ជករ ដោយ៧៤ភាគរយនៃអ្នកឆ្លើយសំណួរ នៃការស្ទង់មតិបញ្ជាក់ថា ពួកគេនឹងទិញទំនិញនៅអាជីវកម្មខ្នាតតូចញឹកញាប់ជាងមុន ប្រសិនបើផ្តល់ជម្រើសនៃការបង់ប្រាក់មានច្រើនជាងមុន។

លោក Winnie Wong អ្នកគ្រប់គ្រងប្រចាំប្រទេស វៀតណាម កម្ពុជា និងឡាវ នៃ ម៉ាស្ទ័រកាត បានឲ្យដឹងថា «នៅទូទាំងពិភពលោកអ្នកប្រើប្រាស់ បានផ្លាស់ប្តូរឆ្ពោះទៅរកទម្លាប់ឌីជីថល នៅពេលដែលពិភពលោកសម្របខ្លួន ទៅនឹងសភាពធម្មតាតាមបែបគន្លងថ្មី នឹងចាំបាច់ក្នុងការអភិវឌ្ឍន៍ ការផ្តល់ជូនដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូរ នៃតម្រូវការរបស់អ្នកប្រើប្រាស់ ខណៈពេលដែលអនុញ្ញាតឲ្យពួកគេចូលរួម ក្នុងសេដ្ឋកិច្ចពិភពលោក។ ការដាក់ឲ្យដំណើរការនូវប័ណ្ណគ្មានលេខជាមួយធនាគារ វីង នឹងផ្តល់ឲ្យម្ចាស់ប័ណ្ណនូវជម្រើស នៃការទូទាត់ដែលអាចបត់បែនបាន ដែលសមស្របនឹងរបៀបរស់នៅថ្មី ហើយថែមទាំងអនុញ្ញាតឲ្យពួកគេទទួលបាន ការពារសុវត្ថិភាពដ៏រឹងមាំ និងច្រើនស្រទាប់ទទួលបាន តាមរយៈការទូទាត់ តាមដំណោះស្រាយទូទាត់របស់ ម៉ាស្ទ័រកាត នៅគ្រប់ទីកន្លែង និងនៅពេលណាក៏បាន»

អតិថិជន វីង អាចដាក់ពាក្យ និងទទួលបានប័ណ្ណឥណពន្ធនិម្មិតភ្លាមៗ ជាមួយនឹងព័ត៌មានលម្អិតដែលអាចប្រើប្រាស់សម្រាប់ប្រតិបត្តិការអនឡាញ។ កាតរូបវ័ន្ត ដែលមិនមានលេខទាំងនៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ នឹងត្រូវបានផ្ញើទៅអតិថិជន បន្ទាប់ពីពួកគេបានចុះឈ្មោះ ហើយអាចប្រើប្រាស់ សម្រាប់ប្រតិបត្តិការដោយផ្ទាល់នៅគ្រប់ទីកន្លែងដែល ម៉ាស្ទ័រកាត ត្រូវបានទទួលយក៕