(ភ្នំពេញ)៖ ធនាគារ ស្ថាបនា បានដាក់ឱ្យដំណើរការនូវកម្មវិធីទូរស័ព្ទចល័ត ដែលមានមុខងារថ្មីៗ ព្រមជាមួយនឹងរូបរាងរចនាបទបែបឌីជីថល និងទំនើបទាន់សម័យ។ ជាពិសេសសម្រាប់អតិថិជនដែលមានភាពមមាញឹក ស្ថាបនា ម៉ូបាល នឹងជួយសម្រួលដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងគណនីរបស់ពួកគេផងដែរ។ ជាមួយនឹងការរចនាដែលមានភាពទាក់ទាញ និងរលូនជាងមុន ស្ថាបនា ម៉ូបាល នឹងផ្តល់នូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែលឿន និងងាយស្រួលជាងមុន ដែលធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែប្រសើរឡើង។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានថ្លែងថា «ការដាក់ឱ្យដំណើរការ កម្មវិធីទូរស័ព្ទចល័តរបស់ ស្ថាបនា ដ៏ទំនើប និងទាក់ទាញនេះ បានបង្ហាញឱ្យឃើញថាធនាគារ ស្ថាបនា កំពុងប្រើប្រាស់នូវបច្ចេកវិទ្យាដើម្បីផ្លាស់ប្តូរបទពិសោធន៍អតិថិជនក្នុងការប្រើប្រាស់សេវាធនាគារ និងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន»

លោក ហ្វុង កៃ ជីន បានបន្ថែមទៀតថា «យើងនឹងបន្តប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយគេបង្អស់ដើម្បីនាំមកនូវបទពិសោធន៍ធនាគារដ៏អស្ចារ្យ និងមិនធ្លាប់មានសម្រាប់អតិថិជនរបស់យើង។ ធនាគារ ស្ថាបនា នឹងបន្តធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នកឱ្យដំណើរការបានយ៉ាងរលូននៅគ្រប់ផ្នែក និងបណ្តាញទាំងអស់ ជាមួយនឹងបណ្តាញសាខាដ៏ធំទូលាយ ដៃគូអាជីវកម្ម ភ្នាក់ងារទូទាត់វិក្កយបត្រ និងប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ»

ដើម្បីបម្រើសេវាធនាគារឱ្យកាន់តែទូលំទូលាយ និងកាន់តែប្រសើរឡើងជូនអតិថិជនរបស់យើងទាំងក្នុងប្រទេស និងក្រៅប្រទេស បច្ចុប្បន្ននេះ កម្មវិធី ស្ថាបនា ម៉ូបាល មានរហូតទៅដល់ ៥ ភាសាដូចជា៖ ភាសាខ្មែរ អង់គ្លេស ចិន ជប៉ុន និងកូរ៉េ។

មិនតែប៉ុណ្ណោះ ស្ថាបនា ម៉ូបាល ក៏ផ្តល់ជូនអតិថិជននូវមុខងារពិសេសសំខាន់ៗដូចខាងក្រោម៖

* ការបើកគណនីអនឡាញ៖ អតិថិជនអាចបើកគណនីជាមួយធនាគារ ស្ថាបនា បានភ្លាមៗ និងងាយស្រួល តាមវិធីងាយៗ ដោយមិនចាំបាច់អញ្ជើញមកកាន់សាខាដោយផ្ទាល់។

* លេខគណនីពិសេស៖ អតិថិជនអាចស្នើសុំលេខដែលខ្លួនពេញចិត្ត ដូចជា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ខួបអាពាហ៍ពិពាហ៍ជាដើម ដើម្បីធ្វើជាលេខគណនីតែមួយគត់របស់ខ្លួន។

* បង្កើតគណនីប្រាក់បញ្ញើមានកាលកំណត់៖ ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់កាន់តែមានភាពងាយស្រួលដោយគ្រាន់តែអនុវត្តតាមវិធីងាយៗប៉ុណ្ណោះ។

* ស្នើសុំប្រាក់កម្ចី៖ អតិថិជនអាចស្នើសុំប្រាក់កម្ចី ដោយគ្រាន់តែបំពេញទម្រង់ស្នើសុំតាម ស្ថាបនា ម៉ូបាល។

* Sathapana PAY៖ កាន់តែងាយស្រួលសម្រាប់អតិថិជនក្នុងការទូទាត់ជាមួយ Sathapana QR នៅគ្រប់ដៃគូអាជីវកម្មទាំងអស់

សេវាទូទាត់វិក្កយបត្រ៖ អតិថិជនអាចបង់វិក្កយបត្រទឹក ភ្លើង និងសំរាមរបស់ខ្លួនបានគ្រប់ពេល និងគ្រប់ទីកន្លែង។

* សេវាផ្ទេរប្រាក់៖ ការផ្ទេរប្រាក់អាចធ្វើឡើងដោយសុវត្ថិភាពទៅកាន់ដៃគូក្នុងស្រុក និងក្រៅស្រុករបស់ធនាគារ ស្ថាបនា។

លើសពីនេះទៅទៀត ធនាគារ ស្ថាបនា ក៏បានដាក់ដំណើរការជាផ្លូវការនូវ ស្ថាបនា ផេ និងKHQR ផងដែរ។ KHQR គឺជាសេវាកម្មមួយដែលបានបង្កើតឡើងដោយ ធនាគារជាតិនៃកម្ពុជា ដើម្បីជួយសម្រួលដល់អតិថិជនរបស់ធនាគារ ដែលជាសមាជិកប្រព័ន្ធបាគងទាំងអស់ក្នុងការទូទាត់ និងទទួល ប្រាក់ឆ្លងធនាគារតាមរយៈQRកូដតែមួយ។ ជាមួយស្ថាបនា ផេ និងKHQR ដៃគូរអាជីវកម្មទាំងអស់របស់ស្ថាបនា អាចទទួលបានការទូទាត់ឆ្លងធនាគារពីធនាគារដទៃផ្សេងទៀតដែលជាសមាជិកប្រព័ន្ធបាគងបានយ៉ាងងាយស្រួល។

ដើម្បីអបអរសាទរនូវការដាក់ដំណើរការ ស្ថាបនា ម៉ូបាល រូបរាងថ្មីនេះ ធនាគារ ស្ថាបនា ផ្តល់ជូននូវប្រូម៉ូសិនថ្មីពិសេសសម្រាប់អតិថិជនទាំងចាស់ និងថ្មីនឹងមានឱកាសឈ្នះរង្វាន់ iPhone 13 Pro Max 256GB ដោយគ្រាន់តែធ្វើប្រតិបត្តិការតាម ស្ថាបនា ម៉ូបាល។
ធ្វើប្រតិបត្តិការកាន់តែច្រើននឹងមានឱកាសឈ្នះកាន់តែច្រើន! ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណរភ្ជាប់ https://www.sathapana.com.kh/km/recommended-offers/transact-to-win-iphone-13-pro-max/

លោកអ្នកអាចទាញយក កម្មវិធី ស្ថាបនា ម៉ូបាល បានដោយឥតគិតថ្លៃពី App Store ឬ Google Play ។

សូមជម្រាបថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការច្រើនជាង ៤ ពាន់នាក់។ ធនាគារមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដែលក្នុងនោះរួមមានសាខាច្រើនជាង ១៧០ទីតាំង សេវា ស្ថាបនា ព្រីមារណ៍ចំនួន ៣ទីតាំង និងម៉ាស៉ីនអេធីអឹមជាង ២៥០ កន្លែងដែលមានសមត្ថភាពពេញលេញដូចជា ដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់ជាដើម។

ធនាគារក៏ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងពេញលេញដូចជា សេវាឥណទាន សេវាបញ្ញើ សេវាiBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ បណ្ណឥណពន្ធ និងបណ្ណឥណទាន សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មជាច្រើនទៀត។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ និងទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

យើងក៏បានសហការជាមួយអ្នកផ្តល់សេវាទូទាត់ចល័ត ដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៉ី-ម៉ាន់នី និងបាគង ដើម្បីបន្ថែមនូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជនរបស់យើងថែមទៀត។ អតិថិជនអាចធ្វើការស្នើសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈស្ថាបនា ម៉ូបាល ៕