(ភ្នំពេញ)៖ យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ក្រុមហ៊ុនខេមប្រ៊ូវ បានចាប់ផ្តើមដំណើរការហើយ ដោយបានជ្រេីសរេីស ល្ខោនស្រមោលស្បែកធំ ជាអត្តសញ្ញាណមួយសម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការនេះ។

ក្នុងកិច្ចសម្ភាសន៍នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោក សោម ច័ន្ទណារ៉ាត អ្នកគ្រប់គ្រងម៉ាកផលិតផលស្រាបៀរ អង្គរ ខេមប្រ៊ូវបានលើកឡើងថា ដូនតាខ្មែរបានបន្សល់ទុកនូវមរតក ជាច្រើន សម្រាប់ក្មេងៗជំនាន់ក្រោយរបស់យើង។ វាជាតួនាទីនិងទំនួលខុសត្រូវរបស់យើងក្នុងនាមជាមនុស្សជំនាន់ក្រោយ ក្នុងការថែរក្សា និងការពារបេតិកភណ្ឌដ៏មានតម្លៃ ទាំងនោះជាពិសេសនោះគឺសិល្បៈស្បែកធំ។

យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយើង» របស់ស្រាបៀរអង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះទឹកចិត្ត ឆន្ទៈ និងស្មារតីកូនខ្មែរជំនាន់ក្រោយឱ្យចងចាំ នូវមរតកដ៏អស្ចារ្យ និងដើម្បីរក្សាឧត្តមភាពវប្បធម៌ ព្រមទាំងបន្តរក្សាសមិទ្ធផលវប្បធម៌ខ្មែរឲ្យនៅគង់វង្ស និងស្ថិតស្ថេរជាអមតៈ។

ស្បែកធំ គឺជាល្ខោនស្រមោល ដែលមានរូបអាយ៉ងកម្ពស់ពីរម៉ែត្រធ្វើពីស្បែកសត្វ។ តាំងពីមុនសម័យអង្គរ ស្បែកធំ ត្រូវបានចាត់ទុកថារបស់ដ៏ពិសិដ្ឋ និងស័ក្តិសិទ្ធ ដើម្បី ឧទ្ទិសដល់ទេវៈ។ ការសម្តែងអាចធ្វើឡើងតែក្នុងឱកាសសំខាន់ៗបី ឬបួនដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ឬឧទ្ទិសដល់បុគ្គលល្បីៗជាដើម។

តាមធម្មតាការសម្តែង គឺធ្វើឡើងនៅពេលយប់នៅលើផ្ទាំងក្រណាត់សធំ នៅកន្លែងទូលាយ ដូចជា៖ វាលស្រែ ឬទីវត្តអារាមជាដើម។ កាលពីសម័យបុរាណគេប្រើភ្លើង បំភ្លឺលើផ្ទាំងក្រណាត់ស ដើម្បីឱ្យចម្លាក់ដែលធ្វើពីស្បែកសត្វបង្កើតបានជាស្រមោលនៃតួអង្គផ្សេងៗ។ បច្ចុប្បន្នគេប្រើអំពូលភ្លើង ឬម៉ាស៊ីន LCD ដើម្បីបញ្ចាំងជំនួសវិញ។ ការសម្តែងទៀតសោត មានអមដោយវង់ភ្លេងពិណពាទ្យ និងការពោលនិទានរឿងដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពរស់រវើក ទាក់ទាញ និងចាប់អារម្មណ៍ពីអ្នកទស្សនា។
ល្ខោនស្រមោលស្បែកធំនេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

លោក ច័ន្ទណារ៉ាត បន្ថែមថា យើងពិតជាសប្បាយចិត្ត និងមានមោទកភាពខ្លាំងណាស់ចំពោះសិល្បៈស្បែកធំ។ យុទ្ធនាការនេះនឹងចូលរួមលើកកម្ពស់ និងថែរក្សាសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ក៏ដូចជាអត្តសញ្ញាណជាតិខ្មែរ។ នេះជាការរួមចំណែកជាវិជ្ជមានមួយដល់ការអភិវឌ្ឍន៍សង្គមជាតិកម្ពុជាទាំងមូល ក៏ដូចជាលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់ឱ្យគាំទ្រសិល្បៈស្បែកធំ ព្រោះនេះគឺជាសិល្បៈមួយប្រភេទដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងសំខាន់បំផុតចំពោះវប្បធម៌ជាតិខ្មែរ។ ប្រជាជនខ្មែរ ត្រូវតែរួមដៃគ្នាការពារ និងលើកស្ទួយប្រពៃណីជាតិរបស់យើងឲ្យស្ថិតនៅគង់វង្សយូរអង្វែងតទៅទៀត។

លោកបានបញ្ជាក់ថា សិល្បៈល្ខោនស្បែក មានប្រវត្តិដ៏យូរលង់ណាស់មកហើយនៅកម្ពុជា ហើយវាជាប្រភពនៃមោទកភាពជាតិ ដែលទទួលស្គាល់ជាសកល និងមានតម្លៃ ជាធនធានរបស់មនុស្សជាតិ។ ខណៈដែលយុវជនមួយចំនួនយកចិត្តទុកដាក់ចាប់អារម្មណ៍ស្រឡាញ់ និងអភិរក្សនូវកេរដំណែលដ៏មហស្ចារ្យនេះ គេសង្កេតឃើញថា នៅមានយុវជនខ្លះទៀតហាក់មិនសូវអើពើនឹងសារសំខាន់របស់សិល្បៈមួយនេះឡើយ ដូច្នេះហើយយើងត្រូវរួបរួមគ្នាអំពាវនាវដល់មនុស្សទាំងអស់ឱ្យចូលរួមអភិរក្ស សិល្បៈល្ខោនស្បែកនេះ ឲ្យបានស្ថិតស្ថេរ «ល្ខោនស្បែកយើង អត្តសញ្ញាណយើង»។

សូមបញ្ចាក់ថា ស្រាបៀរអង្គរ ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និងផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើ បច្ចេកវិទ្យាចុងក្រោយបង្អស់ និងរក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន។ ឆ្លងកាត់បទពិសោធន៍ជាច្រើន ទស្សវត្ស ស្រាបៀរអង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុតដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់នូវបទ ពិសោធន៍ ស្រាបៀរ ដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន៕