(បរទេស)៖ ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google បានប្រកាសបង្ហាញពីប្រាក់ចំណូលសម្រាប់ត្រីមាសដើមឆ្នាំរបស់ខ្លួន ដោយក្នុងនោះលទ្ធផលដែលទទួលបាននៅត្រីមាសទី១នេះ ឃើញថាប្រាក់ចំណូលរបស់ Google ដែលរកបានគឺមានកំណើនកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ខណៈដែលប្រាក់ចំណូលរបស់ YouTube វិញមានការធ្លាក់ចុះពីការរំពឹងទុក ដោយសារកត្តាមួយចំនួនជាក់ស្តែងដូចជាផលប៉ះពាល់ដែលកើតមានសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនជាដើម។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សម្រាប់ត្រីមាសទី១នេះ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ Google បានកើនឡើងប្រហែល ២២ភាគរយ ឈានដល់ទំហំទឹកប្រាក់៥៤.៦៦ពាន់លានដុល្លាអាមេរិក ដែលទទួលបានលើសពីការរំពឹងទុកត្រឹមតែ ៥៤.១២ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ។ បើក្រឡេកទៅមើលប្រាក់ចំណូលដែល YouTube រកបានតាមរយៈការផ្សាយពាណិជ្ជកម្មវិញឃើញថា កើនឡើងត្រឹមតែ ១៤ភាគរយប៉ុណ្ណោះគិតជាទឹកប្រាក់មានចំនួន ៦.៨៧ពាន់លានដុល្លាអាមេរិក ដែលទទួលបានតិចជាងការប៉ាន់ស្មានក្នុងទំហំទឹកប្រាក់ ៧.៤ពាន់លានដុល្លាអាមេរិកនៅក្នុងត្រីមាសមុននេះ។

ស្របពេលដែលប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ YouTube បានធ្លាក់ចុះឃើញថា សន្ទុះទីផ្សាររបស់ TikTok កំពុងតែស្ទុះឡើងខ្លាំង ដែលបានចាប់យកចំណែកទីផ្សារវីដេអូខ្លីរបស់ខ្លួនវ៉ាដាច់ YouTube តែម្តង ជាក់ស្តែងសន្ទុះនេះបានកើតឡើងនៅកំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងតែក្រោកឡើងម្តងទៀតដែលអ្នកប្រើប្រាស់មួយចំនួនសម្រាកនៅផ្ទះ។

នាយកប្រតិបត្តិ (CEO) លោក Sundar Pichai បានផ្តល់បទសម្ភាសន៍មួយបានឱ្យដឹងថា «គូរប្រជែង TikTok របស់ YouTube ដែលផ្តោតទៅលើសេវាកម្មវីដេអូខ្លីៗ (Short) ឥឡូវនេះមានការចូលមើលប្រចាំថ្ងៃចំនួន ៣០ពាន់លាននាក់ ដែលជាចំនួនច្រើនជាង ២ដងនៃចំនូនចូលមើលកាលពីត្រីមាសមុន និងច្រើនជាង ៤ដងកាលពីឆ្នាំមុន»។

រីឯអាជីវកម្មបម្រើសេវាកម្ម Cloud របស់ Google វិញមានភាពលេចធ្លោនៅក្នុងត្រីមាសនេះ ដោយកើនឡើងជាង ៤៤ភាគរយ និងលើសពីការប៉ាន់ស្មាន ដោយសារសហគ្រាសធំៗជាច្រើនបានផ្លាស់ប្តូរបន្ទុកការងាររបស់ពួកគេចេញពី Data Centers ផ្ទាល់ខ្លួនរបស់ពួកគេ។ តែទោះជាការកើនឡើងនៅត្រីមាសមុននេះមានចំនួនច្រើនក៏ពិតមែនប៉ុន្តែ ផ្នែកសេវាកម្ម Cloud នេះនៅតែទទួលរងការខាតបង់ បើយោងតាមរយៈរបាយការណ៍ នៅត្រីមាសនេះរកបាន ៩៣១លានដុល្លាអាមេរិកបើធៀបនឹង ៩៧៤លានដុល្លាអាមេរិកកាលពីឆ្នាំមុន។

យើងឃើញថា ក្នុងអំឡុងត្រីមាសនេះ Google បានផ្អាកប្រតិបត្តិការរុស្ស៊ីជាច្រើនដោយសារតែការឈ្លានពានលើអ៊ុយក្រែន។ ដោយក្នុងនោះកំណើនប្រាក់ចំណូលនៅក្នុងតំបន់អ៊ឺរ៉ុប ដែលរួមបញ្ចូលទាំង មជ្ឈិមបូព៌ា និងអាហ្រ្វិក បានធ្លាក់ចុះមកនៅត្រឹម ១៩ភាគរយក្នុងត្រីមាសទី១ នេះពី ៣៣ភាគរយដែលរកបានកាលពីឆ្នាំមុន។

គួរជម្រាបដែលថា ចំណូលផ្សេងទៀតរបស់ Google ដែលរួមមាន Hardware, Play Store និងប្រាក់ចំណូល YouTube ដែលមិនផ្សាយពាណិជ្ជកម្ម ទទួលបាន ៦.៨១ពាន់លានដុល្លាអាមេរិក ខ្ពស់ជាងឆ្នាំមុនបន្តិច នឹងសរុបជារួមភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះ ១៨ភាគរយ សម្រាប់ត្រីមាសមុននេះគិតត្រឹមថ្ងៃបិទភាគហ៊ុននៅថ្ងៃអង្គារ៕