(កូរ៉េ)៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol នៅថ្ងៃពុធនេះ នឹងជួបប្រជុំជាមួយអ្នកសិល្បៈ និងកីឡាករក្នុងប្រទេសរបស់ខ្លួន វត្តមានអ្នកសិល្បៈទាំងនោះ ក៏ត្រូវបានគេដឹងថា មានលោក Lee Jung-jae តួក្នុងរឿង «Squid Game» ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

កម្មវិធីនេះ ត្រូវបានគេដឹងថា រៀបចំឡើងដោយគណៈកម្មាធិកាជាតិ នៃក្រុមមន្ត្រីអន្តរកាលរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ដើម្បីជាពេលវេលាមួយឲ្យប្រធានាធិបតីថ្មី បានដឹងពីមតិមកពីវិស័យនានា។ អ្នកនាំពាក្យរបស់ លោក Yoon Suk-yeol បានឲ្យដឹងថា លោក Yoon នឹងបង្ហាញការថ្លែងអំណរគុណ ដល់សមាជិកសហគមន៍វប្បធម៌សិល្បៈ និងកីឡា សម្រាប់ការងាររបស់ពួកគេ ក្នុងការនាំមកនូវក្តីសង្ឃឹមដល់ប្រជាជន និងជួយសាធារណរដ្ឋកូរ៉េ ឲ្យរួបរួមគ្នាជាតែមួយ ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាត នៃជំងឺកូវីដ-១៩។

ទន្ទឹមគ្នានេះ Lee ដែលជាតារាល្បីក្នុងរឿង «Squid Game» ដែលផ្ទុះខ្លាំងលើ Netflix នោះ នឹងស្ថិតក្នុងចំណោមអ្នកចូលរួម រួមជាមួយវីរបុរសបាល់ទាត់ Lee Young-pyo និងអ្នកជិះស្គីក្នុងព្រឹត្តិការណ៍អូឡាំពិក Choi Min-jeong ផងដែរ៕