(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យបានចាត់ទុកការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ គឺជាសញ្ញាវិជ្ជមានថ្មីមួយទៀត សម្រាប់វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងដំណើរការកាន់តែល្អប្រសើរផងដែរ ។
នេះបើតាមការបញ្ជាក់របស់លោក ង៉ែត តារា នាយកប្រតិបត្តិតក្រុមហ៊ុន អាយ រីជ ឈី បន្ទាប់ពីក្រុមហ៊ុនបានធ្វើការចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយបុរីវិមានសំណាង ក្រោមវត្តមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាម្ចាស់ផ្ទះគម្រោងបុរី នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ ។
ការលើកឡើងនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឲ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម កាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញ ។
អ្នកជំនាញខាងលើ បានគូសបញ្ជាក់ថា «តាមខ្ញុំដែលប្រឡូកក្នុងវិស័យអចលនទ្រព្យច្រើនឆ្នាំកន្លងមក នេះគឺជាចំណុចវិជ្ជមានមួយ សម្រាប់វិស័យអចលនទ្រព្យ ដែលយើងអាចរកឃើញថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាយើង ចាប់ផ្ដើមដំណើរការឡើងវិញ ហើយកាន់តែល្អ ។ ដូច្នេះតម្រូវការ មិនថាអចលនទ្រព្យប្រភេទអ្វី ពិសេសតម្រូវការលំនៅដ្ឋានប្រាកដជាមានការកើនឡើង ជាក់ស្ដែងខែមេសានេះ ការលក់របស់ក្រុមហ៊ុន គឺមានការកើនឡើងគួរឲ្យកត់សម្គាល់» ។
«អ៊ីចឹងយើងរកឃើញថា កំណើននៃតម្រូវកាអតិថិជនចាប់ផ្ដើមកើនឡើង តាមរបតនៃសេដ្ឋកិច្ច ពិសេសរាជរដ្ឋាភិបាល បានចេញគោលការណ៍មួយចំនួន ដូចជាការលើកលែងកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈទូទាំងប្រទេសនាពេលថ្មីៗ ។ ទាំងអស់នេះ យើងចាប់ផ្ដើមសប្បាយរីករាយ តែយើងក៏នៅតែប្រុងប្រយ័ត្ន និងបន្ដការពារដដែល ។ សម្រាប់ខ្ញុំដែលនៅក្នុងវិស័យនេះ គឺខ្ញុំមើលឃើញសញ្ញាណវិជ្ជមានទាំងបច្ចុប្បន្ន និងថ្ងៃអនាគត» ។ លោក ង៉ែត តារា បញ្ជាក់បន្ថែម ។
ទន្ទឹមជាមួយគ្នាលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការចុះអនុស្សារណៈយោគយល់គ្នាខាងលើ ពិសេសក្នុងបរិបទថ្មីមួយទៀត បន្ទាប់ពីរាជរដ្ឋាភិបាល មានការលើកលែងលក្ខខណ្ឌមួយចំនួន ក្រោយការទប់ស្កាត់ជំងឺរាតត្បាតជាសកលកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលនឹងជំរុញឲ្យដំណើរការលក់គម្រោងបុរីរបស់ខ្លួនកាន់តែរលូន និងឈានទៅសម្រេចផែនការលក់មុនការកំណត់ទៀតផង ។
បន្ថែមលើនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះទីផ្សារអចលនទ្រព្យតាមបណ្ដោយមហាវិថីឈ្នះឈ្នះបច្ចុប្បន្ន ពិសេសគម្រោងបុរីវិមានសំណាងផ្ទាល់ ដែលតម្លៃអចលនទ្រព្យនៅតំបន់នោះ មានការកើនឡើងទ្វេដង បើធៀបនឹងតម្លៃដីដែលលោកបានទិញមកវិនិយោគនាពេលនេះ ។ លោកសង្ឃឹមថា អតិថិជនដែលទិញគម្រោងនេះ នឹងទទួលបានផលចំណេញច្រើននាថ្ងៃអនាគត ពិសេសក្រោយស្ថានភាពល្អប្រសើរ នៃវិបត្តិកូវីដ-២៩ នេះតែម្ដង ៕