(លីសប៊ន)៖ ក្លិបបាល់ទាត់ព័រទុយហ្គាល់ Benfica បានសម្រេចកិច្ចព្រមព្រៀងមួយ ក្នុងគោលការណ៍ ដើម្បីជួលអ្នកចាត់ការក្លិប PSV លោក Roger Schmidt ជាគ្រូបង្គោលថ្មីរបស់ពួកគេ, នេះបើតាមការអះអាងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។

Benfica បានឲ្យដឹងថា កិច្ចចរចាត្រូវបានធ្វើឡើងជាមួយបុរសសញ្ជាតអាល្លឺម៉ង់ Schmidt, ដែលកិច្ចសន្យារបស់លោក នៅឯក្លិបហូឡង់ PSV នឹងផុតកំណត់ នៅចប់រដូវកាលនេះ, ដើម្បីជំនួសតំណែងលោក Nelson Verissim។

ក្លិបបានបន្ថែមថា កិច្ចព្រមព្រៀង មិនទាន់លេចរូបរាងជាផ្លូវការនៅឡើយទេ។

Schmidt បានកសាងកេរ្តិ៍ឈ្មោះរបស់លោក នៅឯក្លិបអូទ្រីស Salzburg និងក្លិបអាល្លឺម៉ង់ Bayer Leverkusen មុនពេលបំពេញការងារនៅប្រទេសចិន ជាទីកន្លែងដែលលោក ត្រូវបានដកចេញពីតួនាទី កាលពីពាក់កណ្តាលឆ្នាំ២០១៩ ដោយក្លិប Beijing Guoan។

ក្រោយមក លោកបានដឹកនាំក្លិប PSV, ដែលកាលពីខែមុន បានលើកឡើងថា អតីតកីឡាករ Manchester United និងខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Ruud van Nistelrooy បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ដើម្បីក្លាយជាគ្រូបង្គោល ចាប់ពីរដូវកាលក្រោយ។

Benfica កំពុងឈរនៅលំដាប់ទី៣ ក្នុងលីគព័រទុយហ្គាល់ Portuguese Primeira Liga ជាមួយនឹង៦៨ពិន្ទុ ពី៣១ប្រកួត៕