(វ៉ារេស)៖ កីឡាការិនីតេន្នីសឈរនៅលេខរៀងទី១ របស់ពិភពលោក Iga Swiatek បានប្រកាសនៅថ្ងៃពុធនេះថា នាងបានដកខ្លួនចេញពីការប្រកួត នៅព្រឹត្តិការណ៍ WTA Madrid Open ដោយសារ "នាងត្រូវការសម្រាករាងកាយរបស់នាង", នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
កីឡាការិនីវ័យ២០ឆ្នាំរូបនេះ បានឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ចំនួន៤ជាប់ៗគ្នា បានក្លាយជាកីឡាការិនីល្អជាងគេបំផុត នៅព្រឹត្តិការណ៍ក្នុងទីក្រុង Doha, Indian Wells, Miami និងទីក្រុង Stuttgart។
«បន្ទាប់ពីការប្រកួតដ៏តានតឹង កាលពីសប្តាហ៍មុន និងដណ្តើមបានពានរង្វាន់ចំនួន៤ជាប់ៗគ្នានោះ, វាគឺជាពេលវេលា ដើម្បីមើលថែដៃរបស់ខ្ញុំ ដែលបញ្ហានឿយហត់ ចាប់តាំងពីការប្រកួតក្នុងព្រឹត្តិការណ៍ Miami Open ហើយខ្ញុំមិនមានឱកាស ដើម្បីមើលថែឲ្យបានសមរម្យ។ ខ្ញុំត្រូវការពេលសម្រាក ពីការប្រកួត ដូច្នេះខ្ញុំអាចព្យាបាលដៃរបស់ខ្ញុំឲ្យបានជា», នេះបើតាមសម្តីនាង Swiatek បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។
«ខ្ញុំនឹងយកពេលវេលាខ្លះ ដើម្បីត្រៀមក្នុងការចូលរួមប្រកួតនៅឯទីក្រុង Rome និងទីក្រុង Paris។ ជួបគ្នាឆាប់ៗនៅទីនោះ», នាងបានបន្ថែម។
សូមជម្រាបថា ព្រឹត្តិការណ៍ Mutua Madrid Open គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា៕