(ក្រចេះ)៖ លោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាមត្តេយ្យសហគមន៍ចំនួន ៩ ខ្នង ស្មើនឹង ១៤ បន្ទប់ ដែលជាអំណោយរបស់អង្គការ ឆាល ហ្វាន់កម្ពុជា នៅក្នុងខេត្តក្រចេះ ដែលមានឈ្មោះថា សាលាមត្តេយ្យសហគមន៍រលួស ប៉ាក្លែរលើ ប៉ាក្លែរក្រោម ស្រែឈូក ស្រែពើក អូរអន្ដែង ស្រែបឹង ប៉ាថា និង សែនជ័យ ស្ថិតនៅក្នុងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
តាមការបញ្ជាក់ពីលោក ចាន់ ណារិន ប្រធានកម្មវិធីអភិវឌ្ឍ អង្គការ ឆាលហ្វាន កម្ពុជា បានឲ្យដឹងថា អង្គការឆាលហ្វានកម្ពុជា ជាការិយាល័យតំណាងរបស់អង្គការឆាលហ្វានអូស្ត្រាលី ដែលជាសមាជិកសម្ពន្ធ័អង្គការពិភពលោក ដែលមានសមាជិក១២ អង្គការចូលរួមជាមួយគ្នា ជាស្ថាបន័អន្តរជាតិមួយដែលយកចិត្តទុកដាក់ខ្លាំងលើកុមារ និងធ្វើការនៅក្នុងប្រទេសចំនួន ៧០ នៅលើសកលលោក ដែលផ្តល់ឱកាសឱ្យកុមារប្រហែល ២៣លាននាក់ បានចូលរៀនប្រកបដោយគុណភាព។ តាមរយៈកម្មវិធីអប់រំជាច្រើន ដែលបានអនុវត្តកន្លងមក អង្គការនេះបានជួយជំរុញកុមារនៅតាមតំបន់ដាច់ស្រយាល ឱ្យទទួលបានការសិក្សារៀនសូត្រប្រកបដោយសមភាព និងគុណភាព។
លោកបន្តថា វិស័យអប់រំជាវិសយ័ចម្បងរបស់ឆាលហ្វាន់ ដែលបានវិនិយោកលើផ្នែកហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត ដូចជា ការសាងសង់សាលារៀនថ្មី ការជួសជុលសាលារៀនចាស់ ការសាងសង់បណ្ណាល័យទំនើប ដែលមានបំពាក់សៀវភៅនិងសម្ភារៈផ្សេងៗសម្រាប់បម្រើការរៀន និងបង្រៀន ការសាងសង់បង្គន់អនាម័យ ប្រព័ន្ធទឹក សួនកម្សាន្ត កន្លែងលាងដៃ ផ្តល់អាហារូបករណ៍ដល់សិស្សដែលមានជីវភាពខ្វះខាត និងផ្តល់មធ្យោបាយធ្វើដំណើរដល់សិស្សនៅឆ្ងាយពីសាលា ហើយគ្រួសារមិនមានលទ្ធភាពដើម្បីឱ្យពួកគេបានចូលសិក្សា បន្តការសិក្សា និងបញ្ចប់ការសិក្សា បំពេញក្តីប្រាថ្នារបស់ពួកគេទៅតាមសក្តានុពលរាងៗខ្លួន។
លោក ហឿ ស៉ីយ៉ែម បញ្ជាក់ថា ចំពោះអង្គការ ឆាល់ ហ្វាន កម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវវិស័យអប់រំនៅខេត្តក្រចេះ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា បើទោះបីក្នុងកាលៈទេសៈស្ថិតប្រទេសសកលលោកជួបនូវវិបត្តិកូវីដ-១៩ក៏ដោយ ក៏អង្គការឆាល់ ហ្វាន នៅតែបន្តអនុវត្តគម្រោងកម្មវិធីនិងប្រគល់សាលាជូនសិស្សានុសិស្សតាមសហគមន៍។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូរដ៏សំខាន់មួយក្នុងការជួយបំពេញនូវចន្លោះខ្វះខាតនៃការអភិវឌ្ឍរបស់សហគមន៍និងប្រទេសជាតិ ហើយសមិទ្ធផលថ្ងៃនេះ គឺជាការបញ្ជាក់សាជាថ្មីទៀត ពីការប្តេជ្ញាគាំទ្រនិងលើកកម្ពស់គុណភាពអប់រំចំពោះកុមារនៅទីជនបទនៃប្រទេសកម្ពុជា និងឲ្យស្រមទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និង អទិភាពនៃការអភិវិឌ្ឍ។
លោកប្រធានក្រុមប្រឹក្សាខេត្តបន្តទៀតថា យើងមានសមិទ្ធផលគ្រប់សព្វទាំងអស់ដូចសព្វថ្ងៃនេះ គឺដោយទទួលបានមកពីកត្តាសុខសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំរបស់សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលខិតខំស្វែងរកសន្តិភាព និងដៃគូរមកកសាងអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះយើងទាំងអស់គ្នាមានកាតព្វកិច្ចថែរក្សា និងការពារនូវសមិទ្ធផលដែលកើតមាននៅក្នុងសហគម៍ ឲ្យបានគង់វង្ស៕