(ភ្នំពេញ)៖ សមាគមភោជនីយដ្ឋានកម្ពុជាតំណាងដោយលោកស្រី ហាក់ លីណា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំសន្និសិទការសែត «ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ ប្រចាំប្រទេសកម្ពុជា ២០២២»

ដោយមានសមាជិកចូលរួមជាច្រើននាក់ ដែលមានទីតាំងស្ថិតនៅ Sensory Park Urban Hotel រាជធានីភ្នំពេញ។

លោកស្រី ហាក់ លីណា បានមានប្រសាសន៍ថា ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ (Cambodia National Barista Championship) ហៅកាត់ថា CNBC គឺជាការប្រកួតប្រជែងដែលផ្តោតលើការលើកកម្ពស់ឧត្តមភាពផ្នែកកាហ្វេ ជំរុញអាជីពអ្នកឆុងកាហ្វេ (Barista) និងការទាក់ទាញទស្សនិកជនទូទាំងពិភពលោកជាមួយនឹងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិនៅកម្ពុជា។

លោកស្រី បានបន្ដទៀតថា ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១០ ដោយសមាគមភោជនីយដ្ឋានកម្ពុជា ក្រុមហ៊ុនខូហ្វី រួមជាមួយនឹងពិព័រណ៍ CamFood និង Camhotel ដែលធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។ ឆ្នាំនេះ ការប្រកួត ជើងឯក នឹងប្រព្រឹត្តទៅម្ដងទៀត ដើម្បីជាឱកាសដល់អ្នកឆុងកាហ្វេ (Barista) ទាំងអស់ ក្នុងការបន្តក្តីសុបិន្តនៃការចែករំលែកជំនាញ បទពិសោធន៍និងបំផុសគំនិតរបស់ពួកគេ។ ការប្រកួតប្រជែងជើងឯកនេះនឹងសហការរៀបចំឡើងដោយ ក្រសួងទេសចរណ៍ សហពន្ធ័ទេសចរណ៍កម្ពុជា(CTF) ក្រុមហ៊ុនKOFI និងសមាគមភោជនីយដ្ឋានកម្ពុជា (CRA)។

លើសពីនេះ លោកស្រី ហាក់ លីណា បានបញ្ជាក់ថា ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិ មានគោលបំណងដូចជា៖

១៖ ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជា។

២៖ ដើម្បីតំណាងឱ្យឧស្សាហកម្មកាហ្វេនៅលើវេទិកាជាតិ និងអន្តរជាតិ។

៣៖ ដើម្បីលើកទឹកចិត្តយុវជនជំនាន់ក្រោយក៏ដូចជាលើកកម្ពស់អ្នកជំនាញឆុងកាហ្វេ (Barista)នៅទូទាំងប្រទេស។

ការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រក្នុងពិព័រណ៍ Camfood Camhotel។

សម្រាប់ការដាក់ពាក្យប្រឡងនឹងផ្តល់ជូននៅខែឧសភាខាងមុននេះ។

សម្រាប់ព័ត៌មាននិងលក្ខខណ្ឌផ្សេងសូមតាមដាន Facebook Page ឈ្មោះ ៖ Cambodia National Barista Championship។

សូមបញ្ជាក់ដែរថា តាមរយៈការប្រកួតប្រជែងនេះ អ្នកនឹងអាចជួបជាមួយនឹងអ្នកជំនាញខាងផ្នែកកាហ្វេ និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ ក្នុងនោះនៅអំឡុងពេលប្រកួតប្រជែង អ្នកនឹងត្រូវបានវិនិច្ឆ័យដោយគណៈកម្មការដែលមានជំនាញវិជ្ជាជីវ:នឹងផ្តល់ឱ្យអ្នកនូវមតិស្ថាបនាដ៏មានតម្លៃ៕