(ឥណ្ឌា)៖ កំណើននៃការលក់របស់ Apple ក្នុងត្រីមាសដើមឆ្នាំ២០២២ នេះឃើញថាមានការកើនឡើងជាខ្លាំង បើយោងតាមរបាយការណ៍របស់ Business Standard បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនាំចេញ iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌាជិត ១លានគ្រឿង ដែលតំណាងឱ្យការកើនឡើងជាង ៥០ភាគរយនៃដាក់លក់នៅក្នុងប្រទេសនេះបើធៀបនឹងឆ្នាំមុន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន iMore នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
យោងតាមទិន្នន័យពី Cyber Media Research (CMR) បានបង្ហាញថា iPhone ដែលផលិតនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងសរុប ២២ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដោយមួយផ្នែកធំនៃកំណើនដ៏ច្រើននេះបានមកពីត្រកូល iPhone 12 និង iPhone 13 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G ។
នៅពីក្រោយលទ្ធផលដែលលក់បានក្នុងចំនួនដ៏ច្រើននេះ Apple បានពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាតាមរយៈរោងចក្រធំៗចំនួន ២រួមមាន Foxconn និង Wistron។ ខណៈដែលក្រុមហ៊ុនដ៏ធំមួយនេះ បានចាប់ផ្តើមផលិត iPhone នៅក្នុងប្រទេសឥណ្ឌាជាលើកដំបូងក្នុងឆ្នាំ ២០១៧ ជាមួយនឹង iPhone SE ជំនាន់ទី១គឺជា iPhone ដែលផលិតក្នុងស្រុកដំបូងគេនៅឯរោងចក្រ Wistron ដែលស្ថិតនៅក្នុងរដ្ឋ Bengaluru៕