(ប៉េកាំង)៖ កម្មផ្ញើសារដ៏ពេញនិយមបំផុតរបស់ប្រទេសចិន WeChat បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួននឹងចាប់ផ្តើមបង្ហាញទីតាំងរបស់អ្នកប្រើប្រាស់នៅពេលដែលេពួកគេបង្ហោះនៅលើគណនីសាធារណៈ «Public Account»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ក្រុមហ៊ុន WeChat ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តយក្សរបស់ចិន Tencent បានបង្ហាញ នៅក្នុងសេចក្តីជូនដំណឹងថា ខ្លួននឹងចាប់ផ្តើមសាកល្បងការកំណត់ថ្មីនេះក្នុងពេលឆាប់ៗនេះ ដែលនឹងបង្ហាញខេត្ត ឬក្រុងនៃអ្នកប្រើប្រាស់ដែលបានបង្ហោះនៅក្នុងប្រទេសចិន។ ហើយចំពោះការបង្ហោះដែលធ្វើឡើងដោយអ្នកប្រើប្រាស់ក្រៅប្រទេសនៅលើគណនីសាធារណៈរបស់ពួកគេនឹងបង្ហាញប្រទេសដែលតំណាងដោយអាសយដ្ឋាន IP របស់ពួកគេផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីជូនដំណឹងចំពោះការផ្លាស់ការកំណត់នេះ WeChat ផ្តោតសំខាន់ទៅលើការកំណត់គោលដៅព័ត៌មានមិនពិតទាក់ទងនឹង «បញ្ហាប្រធានបទក្តៅក្នុងស្រុក និងក្រៅប្រទេស» តែយ៉ាងណាក្រុមហ៊ុនមិនបានធ្វើការបញ្ជាក់លម្អិតទៅលើរឿងនេះនោះទេ៕