(ភ្នំពេញ)៖ សមាជិកក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ជុក សោភា ហៅ ឌូក បានរួមចំណែកជួយក្រុមបាល់ទះឃាមបញ្ហា គ្រងជើងឯកពានរង្វាន់ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» រដូវកាលទី១ ក្រោយវាយបកយកឈ្នះក្រុមក្រសួងមហាផ្ទៃ A ដោយលទ្ធផល ២-១ សិត នៅទីលាន The Blue Sports នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ជំនួបដ៏ជក់ចិត្តក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់ទះ ៤ស្មើខាងលើ សិតទី១ ក្រុមក្រសួងមហាផ្ទៃ A បានយកឈ្នះក្រុមរបស់ឥន្ទ្រីពិឃាត ឌូក ដោយងាយស្រួលក្នុងពិន្ទុ ១៦-៣ មុនក្រុមឃាមបញ្ញា បានវាយបកយកឈ្នះទាំងលំបាកវិញនៅសិតទី២ ក្នុងពិន្ទុ ១៦-១៤។ ឈានចូលសិតទី៣ ដែលជាការប្រកួតកាត់សេចក្ដីក្រុមរបស់ ឌូក ធ្វើបានកាន់តែល្អ ដោយបន្ដយកឈ្នះក្នុងពិន្ទុ ១៥-១២ ដើម្បីគ្រងជើងឯកតែម្ដង។

គួរដឹងថា ពានរង្វាន់ខាងលើបានដំណើរការប្រកួតរយៈពេល ៥ខែមកហើយ ដោយបែងចែកការប្រកួតជា ៥ដំណាក់កាល ខណៈក្រុមទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំការប្រកួត ៤ដំណាក់កាលដំបូង ទើបទទួលបានកៅអីមកប្រកួតជុំផ្ដាច់ព្រ័ត្រ។ ទីបំផុតក្រុមបាល់ទះឃាមបញ្ញា ក៏ទទួលបានជើងឯក អមដោយប្រាក់រង្វាន់ ២០លានរៀល ខណៈក្រសួងមហាផ្ទៃ A ជាប់ចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ៨លានរៀល និងលេខ៣ ក្រុមក្រសួងមហាផ្ទៃ B ទទួលបានប្រាក់រង្វាន់ ២លាន ៨សែនរៀល។

ក្រឡេកទៅចាប់អារម្មណ៍កីឡាករ ជុក សោភា វិញ បន្ទាប់ពីចប់ការប្រកួតពានរង្វាន់នេះ រូបគេនឹងត្រូវឡើងយន្ដហោះធ្វើដំណើរទៅទីក្រុងហាណូយ នាខែឧសភាខាងមុខ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ជាមួយក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ស៊ឹម ឃ្លោក អមជាមួយមិត្តរួមក្រុមជម្រើសជាតិ ៣នាក់ទៀត គឺមានកីឡាករ ធី ម៉េងហួង, អ៊ឹម ណារិត និងកីឡាករ សំ សាមិត៕