(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ បានបង្ហាញបញ្ជីឈ្មោះផ្លូវការ នៃក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាចំនួន ២០នាក់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភាខាងមុខ។

បេក្ខភាព ២០នាក់ដែលត្រូវបានចម្រាញ់ទុកធ្វើដំណើរទៅទីក្រុងហាណូយនេះ គឺមានកីឡាការិនីមកពីក្លិបភ្នំពេញក្រោន ៨នាក់, ក្លិបព្រះខ័នរាជស្វាយរៀង ៥នាក់, ណាហ្គាវើលដ៏ ៤នាក់ និងខេត្តសៀមរាប ៣នាក់ ហើយពួកគេនឹងបន្ដហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី រហូតដល់ថ្ងៃចេញដំណើរ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ក៏គ្រោងចេញដំណើរនៅថ្ងៃទី០៤ ខែឧសភាខាងមុខ ជាមួយក្រុមបុរស (U23) ដែរ មុនចាប់ផ្ដើមការប្រកួតដំបូងរៀងៗខ្លួន ដែលគ្រោងធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា គឺស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះវៀតណាម និងហ្វីលីពីនប៉ុណ្ណោះ បន្ទាប់ពីក្រុមបាល់ទាត់នារីឥណ្ឌូនេស៊ី បានប្រកាសដកខ្លួនកាលពីពេលថ្មីៗកន្លងទៅ។ សម្រាប់ប្រកួតដំបូងក្រុមនារីកម្ពុជា នឹងត្រូវជួបហ្វីលីពីន នាថ្ងៃទី០៩-ឧសភា និងចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕