(ភ្នំពេញ)៖ ជាមួយនឹងសមិទ្ធផល និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់ខ្លួនសម្រាប់គម្រោងទីមួយកន្លងមក បុរីឡាផាម បានចាប់ដៃគូសហការគ្នាសារជាថ្មីជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ក្នុងការបង្កើតគម្រោងទី២ របស់ខ្លួនឡើង ដែលមានឈ្មោះថា ផាម ស្រ្ពីង (Palm Springs) ជាមួយម៉ូដផ្ទះដែលមានរចនាបទកាន់តែទំនើបជាងមុនតាមបែបបញ្ចឹមប្រទេស គួបផ្សំនឹងការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាស សួនច្បារក្រោយផ្ទះ សួនច្បាររួម កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡាចម្រុះ បង់អង្គុយក្រោយផ្ទះ ក៏ដូចជាឧទ្យានលីនេអ៊ែរផងដែរ។

ទីតាំងគម្រោងទី២នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើប Lucky Express, ៤នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (៥០ម៉ែត្រ), ៨នាទីទៅកាន់ផ្សារទំនើប AEON3 (ដែលគ្រោងនឹងបើកចុងឆ្នាំនេះ) និងត្រឹមតែ ១២នាទីប៉ុណ្ណោះទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងក្រុមហ៊ុនទាំងពីរកន្លងមក បានពាំនាំនូវសមិទ្ធផល ភាពជោគជ័យ និងការគាំទ្រយ៉ាងពេញទំហឹង ដែលធ្វើឲ្យឡាផាមបានក្លាយជាគម្រោង ដែលលក់ដាច់ជាងគេបំផុតមួយនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសថ្មីៗនេះ គម្រោងក៏បានឈ្នះពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ «Mid-range Housing Development of the Year» ផងដែរ ដោយសារការជួយជ្រោមជ្រែង និងប្រឹក្សាយោបល់ទាំងផ្នែកលក់ និងទីផ្សារពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលថ្មីៗនេះក៏បានឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាចំនួនពីរផងដែរ ប្រចាំឆ្នាំ២0២២នេះ។

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសារជាថ្មី ក្នុងនាមជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs)នេះ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើ បានផ្តល់បទសម្ភាសន៍ទៅកាន់សន្និសីទសារព័ត៌មានថា៖ «ជាកិត្តិយសសារជាថ្មីម្តងទៀតហើយ ដែលភ័ញធើបានចាប់ដៃគូសហការជាមួយអ្នកអភិវឌ្ឍន៍គម្រោងបុរីឡាផាម ក្នុងការនាំយកគម្រោងទី២ ដែលមានឈ្មោះថា ផាម ស្រ្ពីងមកកាន់តំបន់ភាគខាងត្បូងភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ជាពិសេសជាមួយវត្តមានរបស់ផ្សារទំនើបAEON3 ដែលគ្រោងនឹងបើកដំណើរការចុងឆ្នាំនេះ ក៏ដូចជាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីផងដែរ»

លោកបានបញ្ជាក់បន្ថែមទៀតថា៖ «គម្រោងផាម ស្រ្ពីង នឹងកាន់តែពិសេសជាងមុន ដោយសារអ្នកអភិវឌ្ឍន៍ បានរួមបញ្ចូលចំណុចល្អៗដែលធ្វើឲ្យគម្រោងទីមួយជោគជ័យកន្លងមក និងធ្វើឲ្យកាន់តែប្រសើរឡើងជាមួយហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ម៉ូដផ្ទះស្អាតប្លែកមិនធ្លាប់មានពីមុនមកនៅលើទីផ្សារ ដែលនឹងផ្លាស់ប្តូរបែបផែននៃការរស់នៅថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា»