(បរទេស)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បាននិយាយបកទៅកាន់តារាសម្តែងប្រុស ក្នុងរឿងកប៉ាល់ទីតានិក Leonardo DiCaprio វិញភ្លាមៗ បន្ទាប់ពីតារាហូលីវូដល្បីឈ្មោះ និងជាអ្នកការពារបរិស្ថានរូបនេះ បង្ហោះសារលើកទឹកចិត្តដល់យុវជន និងប្រជាជនក្នុងប្រទេសប្រេស៊ីល ឲ្យសម្រេចចិត្តឲ្យបានត្រឹមត្រូវចំពោះការបោះឆ្នោតនាចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ជាក់ស្តែងនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ លោក DiCaprio បានបង្ហោះសារ Twitter ថា «ប្រទេសប្រេស៊ីលគឺជាផ្ទះរបស់ព្រៃ Amazon និងប្រព័ន្ធអេកូឡូស៊ីផ្សេងទៀត ដែលមានសារៈសំខាន់ ចំពោះការប្រែប្រួលអាកាសធាតុ។ អ្វីដែលកើតឡើងនៅទីនោះ សំខាន់សម្រាប់យើងទាំងអស់គ្នា ហើយការបោះឆ្នោតរបស់យុវជន គឺជាគន្លឹះក្នុងការជំរុញការផ្លាស់ប្តូរ ដើម្បីសុខភាពភពផែនដីទាំងមូល»

ឆ្លើយតបនឹងការបង្ហោះសាររបស់តារាប្រុស DiCaprio លោក Jair Bolsonaro បានឆ្លើយតបវិញថា «សូមអរគុណសម្រាប់ការគាំទ្ររបស់អ្នក, Leo! វាពិតជាមានសារៈសំខាន់ណាស់ ដែលមានប្រជាជនប្រេស៊ីល ដើម្បីចូលរួមការបោះឆ្នោតខាងមុខ។ ប្រជាជនរបស់យើងនឹងសម្រេចចិត្តថា តើពួកគេចង់រក្សាព្រៃ Amazon ក្នុងដែនអធិបតេយ្យភាពរបស់យើង ឬត្រូវឲ្យវាគ្រប់គ្រងដោយជនខិលខូច ដែលបម្រើផលប្រយោជន៍បរទេស»

គួរជម្រាបថា DiCaprio គឺជាតារាប្រុសដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះជាសកម្មជនការពារបរិស្ថានផងដែរ។ កន្លងទៅតារារូបនេះ បានចូលរួមក្នុងយុទ្ធនាការការពារព្រៃអាម៉ាហ្សូន តាមរយៈបរិច្ចាគប្រាក់ ៥លានដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សនៅឆ្នាំ ២០១៩៕