(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសារបរិសុទ្ធ «អរុណា» បានរៀបចំកម្មវិធីសម្ពោធទឹកបរិសុទ្ធ «អរុណា Premium Water» ដោយមានការចូលរួមពីលោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិ (COO) និងដៃគូចែកចាយតាមដេប៉ូជាច្រើនផងដែរ។ ការសម្ពោធនេះធ្វើឡើងនៅផ្សារទំនើបអ៉ីអនម៉លសែនសុខ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
លោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិ (COO) ក្រុមហ៊ុនអរុណាកូ ខូអិលធីឌី ទឹកបរិសុទ្ធ បានលើកឡើងថា «អរុណា Premium Water» ជាទឹក Alkaline មានកម្រិត pH 7.52 មានសមាសធាតុរ៉ែពីធម្មជាតិ មានគុណភាព និងសុវត្ថិភាព ដែលជាជម្រើសដ៏សាកសមសម្រាប់មនុស្សគ្រប់វ័យ។
ទឹកបរិសុទ្ធ «អរុណា Premium Water» ជាស្នាដៃផលិតផលរបស់កូនខ្មែរថ្មីមួយទៀត ដែលត្រូវបានផលិតតាមបច្ចេកទេសទំនើបចុងក្រោយបង្អស់របស់អាឡឺម៉ង់ នោះគឺប្រព័ន្ធ Ultrafiltration និងសម្លាប់មេរោគដោយប្រព័ន្ធអូហ្សូន (Ozone) ព្រមទាំងមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនូវរាល់គ្រប់ដំណាក់កាល នៅក្នុងមន្ទីរពិសោធន៍ផ្ទាល់ខ្លួនដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗសម្រាប់ការវិភាគនូវរាល់ផលិតផលមុន និងចេញលក់នៅលើទីផ្សារ ហើយត្រូវបានវេចខ្ចប់ និងទុកដាក់នៅស្របទៅតាមស្តង់ដាអនាម័យខ្ពស់។
ទឹកបរិសុទ្ធ «អរុណា Premium Water» ត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើគុណភាពជាចំបង និងមានគោលបំណងនាំយកទឹកស្អាតរបស់ប្រទេសកម្ពុជាដែលប្រកបដោយសុខមាលភាពមកជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងតម្លៃសមរម្យ។
គួរបញ្ជាក់ផងដែរថា ប្រវត្តិនៃការកកើតទឹកបរិសុទ្ធ «អរុណា» ត្រូវបានដកស្រង់ចេញពីវប្បធម៌សិល្បៈបុរាណខ្មែរ រឿង (មុនីមេខលា) ដែលជាតំណាងនៃការបង្កើត ប្រភពទឹកផ្តល់ភាពត្រជាក់ត្រជុំ សិរីសួស្តីអំណោយផល និងការលូតលាស់ ព្រមទាំងផ្តល់ជ័យជម្នះ នៃដំណើរជីវិត។ កំណកំណើតទឹកក្នុងសម័យដ៏អាថ៌កំបាំង ដែលព្រៃព្រឹក្សាមិនត្រឹមតែជាជម្រក នៃម្រឹគគីម្រឹគាប៉ុណ្ណោះទេ តែក៏ជាឋានរបស់ព្រះនាង និងតាឥសី។
បន្ទាប់មកទឹកវេទមន្ត ក៏បានបង្កើតចេញតាមរយ:ការប្រយុទ្ធគ្នារវាងមេឃា និងផែនដីស្នូលផែនដីដោយអាទិទេព មួយអង្គនាំអោយមានសន្តិភាព និងកម្លាំងខ្លាំងក្លាមនុស្សគ្រប់គ្នា។
នៅក្នុងកម្មវិធីសម្ពោធដ៏ធំនេះ មានការតាំងបង្ហាញនូវផលិតផលថ្មី និងផ្ទាំងរូបភាពពីចង្វាក់ផលិតកម្ម និងសកម្មភាពផ្សេងៗរបស់ក្រុមហ៊ុនក្នុងការចូលរួមសកម្មភាពសង្គមនាពេលកន្លងមក។
លើសពីនោះទៅទៀត ក៏មានការលេងល្បែងកំសាន្ត យករង្វាន់ និងការចែកជូននូវទឹកបរិសុទ្ធដោយឥតគិតថ្លៃចំពោះភ្ញៀវ និងអ្នកទស្សនា ព្រមទាំងមានការបង្ហាញពិសោធន៍ពីការធ្វើតេស្តកម្រិត pH និងកម្រិតជាតិរ៉ែនៅក្នុងទឹកផងដែរ៕