(សៀមរាប)៖ លោកអ្នកដែលទៅលេងកម្សាន្តនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំលើកនេះ ច្បាស់ជាពេញចិត្តសប្បាយរីករាយជាមួយនឹងសេវាកម្មកម្សាន្តជាច្រើនសម្បូរបែប ដូចជាជិះរទេះគោមើលប្រាសាទ បាញ់ធ្នូ ជិះទូក ស្ទួចត្រី ស្លៀកពាក់បែបបុរាណ និងកម្មវិធីសប្បាយៗច្រើនទៀត។

សហគមន៍ទេសចរណ៍ដ៏ល្បីមួយនេះមានទីតាំងស្ថិតភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពោលគឺនៅខាងកើតប្រាសាទបាគង។ កន្លងមករហូតមកដល់ឥឡូវ សហគមន៍មានសេវាកម្មទេសចរណ៍ និងសេវាកម្មម្ហូបអាហារជាច្រើនសម្បូរបែប ក្នុងនោះមានដូចជាម្ហូបអាហារ ភេសជ្ជៈ ជិះទូកកម្សាន្ត បោះតង់ ទស្សនាការតាំងឧបករណ៍បុរាណ ទស្សនាកម្មវិធីទេសចរណ៍វប្បធម៌ប្រចាំថ្ងៃ ស្ទួចត្រី ដាក់បង្កៃ ដាក់មង ឆ្លុះត្រីពេលយប់ អាំងត្រី-សាច់ ដុតពោត-ដំឡូង ទិញបន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងកសិផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា ក៏ដូចជានៅថ្ងៃបន្តបន្ទាប់ទៀត សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំបានបន្ថែមនូវកម្មវិធីកម្សាន្តសប្បាយពិសេសៗជូនភ្ញៀវទេសចរ រួមមាន សកម្មភាពទេសចរណ៍ក្នុងស្រុក រីករាយជាមួយនឹងតន្រ្តីដែលមានតារាចម្រៀងច្រៀងយ៉ាងពីរោះៗ នៅពេលភ្ញៀវទទួលទានអាហារ ភេសជ្ជៈ។

ម្យ៉ាងទៀតភ្ញៀវក៏អាចកម្សាន្តជាមួយនឹងកីឡាទេសចរណ៍ មានដូចជាកីឡាបាញ់ព្រួញ (Archery) កីឡាបាញ់កាំភ្លើងគ្រាប់មិនពិត (Paimtball) ជាច្រើនជម្រើស កីឡាបាញ់ជំពាម គប់ព្រួញ លេងអុក លេងបោះបូល ជិះទូក ស្ទួចត្រី តែងសម្លៀកបំពាក់បុរាណ ជិះរទេះគោមើលប្រាសាទនានា ទស្សនាសកម្មភាពប្រជាពលរដ្ឋក្នុងភូមិ ដែលទាំងនេះសុទ្ធតែជាផលិតផលទេសចរណ៍ថ្មីៗប្រចាំសហគមន៍បាគងភូមិខ្ញុំ និងស្របតាមប្រកាសស្ដីពីការគ្រប់គ្រងសកម្មភាពកីឡាទេសចរណ៍ ដែលចេញដោយក្រសួងទេសចរណ៍។

ប្រធានសហគមន៍បាគងភូមិខ្ញុំរូបនេះបានបន្តទៀតថា ការបន្ថែមនូវសេវាកម្មកម្សាន្តទាំងនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដែលទៅទស្សនាតំបន់ប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពិសេសគឺចូលរួមលើកស្ទួយ និងគាំទ្រការអភិវឌ្ឍទេសចរណ៍ក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយនៃផែនការស្ដារនិងស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលជំងឺកូវីដ១៩។

លោក សូត្រ សួរ ក៏បានជម្រាបអំពីលេងទូរស័ព្ទទំនាក់ទំនងសម្រាប់កក់ទីកន្លែងជាមុន 070 39 70 70៕