(ភ្នំពេញ)៖ ជាការពិតណាស់នៅក្នុងការអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាអញ្ញមញ្ញមួយ មិនប្រាកដថា អាចនឹងមានការអនុវត្តទៅដោយរលូនរហូតនោះទេ ជួនកាលអាចនឹងមានបញ្ហាកើតឡើងនៅមុនពេលអនុវត្ត និងក្នុងអំឡុងពេលកំពុងអនុវត្តជាដើម ដែលជាហេតុបណ្ដាលឱ្យការអនុវត្តកាតព្វកិច្ចនៅក្នុងកិច្ចសន្យានោះ ត្រូវបានអលទ្ធភាពក្នុងការអនុវត្ត ។

អលទ្ធភាពនៅក្នុងការអនុវត្តកាតព្វកិច្ចនេះហើយ ដែលជាបញ្ហាចោទនៅក្នុងសង្គមយើងសព្វថ្ងៃ ដោយហេតុថា កាលណាកើតមាននូវ អលទ្ធភាពនៅក្នុងការអនុវត្តបែបនេះ នឹងបណ្តាលឱ្យមាននូវហានិភ័យកើតឡើង ។ ជាមួយគ្នានេះផងដែរ ចំពោះកិច្ចសន្យាអញ្ញមញ្ញ អ្នកដែលត្រូវទទួលបន្ទុកហានិភ័យ គឺមានតែកូនបំណុល និងម្ចាស់បំណុល នៅក្នុងកិច្ចសន្យាតែប៉ុណ្ណោះជាអ្នកទទួលខុសត្រូវ ។

ដូច្នេះ ចំពោះកិច្ចសន្យាអញ្ញមញ្ញ ដែលមានអត្ថន័យផ្ទេរកម្មសិទ្ធិលើវត្ថុដែលបានកំណត់ជាក់លាក់ ប្រសិនបើកើតមាននូវអលទ្ធភាពនៅក្នុងការអនុវត្តកាតព្វកិច្ចបែបនេះ តើលក្ខខណ្ឌណាខ្លះដែលកូនបំណុលជាអ្នកទទួលបន្ទុកហានិភ័យ និងលក្ខខណ្ឌណាខ្លះដែលម្ចាស់បំណុលជាអ្នកទទួលបន្ទុកហានិភ័យ ?

ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់អំពី «ការទទួលបន្ទុកហានិភ័យ» កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម ។

យោងតាមមាត្រា ៤១៦ នៃក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា៖

១៖ ក្នុងកិច្ចសន្យាអញ្ញមញ្ញ ដែលមានអត្ថន័យផ្ទេរកម្មសិទ្ធិលើវត្ថុដែលបានកំណត់ជាក់លាក់ ក្នុងករណីដែលវត្ថុជាកម្មវត្ថុនៃកិច្ចសន្យា ត្រូវបានបាត់បង់ ឬខូចខាត ដោយគ្មានកំហុសរបស់ភាគីទាំងសងខាងទេ កូនបំណុលនឹងត្រូវទទួលបន្ទុកហានិភ័យនោះហើយមិនអាចទាមទារតាវកាលិកតបពីម្ចាស់បំណុលបានទេ។

២៖ លើកលែងតែមានការកំណត់ផ្សេងនៅក្នុងកិច្ចសន្យា ហានិភ័យដោយសារការបាត់បង់ ឬខូចខាតវត្ថុជាកម្មវត្ថុនៃកិច្ចសន្យាត្រូវផ្ទេរទៅម្ចាស់បំណុល នៅពេលណាមួយក្នុងចំណោមពេលដែលបានកំណត់ដូចខាងក្រោមនេះ៖

* ក. ពេលដែលប្រគល់វត្ថុដែលជាកម្មវត្ថុទៅម្ចាស់បំណុល ឬពេលដែលចុះបញ្ជីផ្ទេរអចលនវត្ថុ ឬ ពេលផ្សេង ទៀតដែលយល់ឃើញថា ការគ្រប់គ្រងជាក់ស្តែងលើវត្ថុជាកម្មវត្ថុត្រូវបានផ្ទេរទៅម្ចាស់បំណុល ។
* ខ. ពេលដែលកូនបំណុលបានស្នើផ្តល់ការអនុវត្តកាតព្វកិច្ចត្រឹមត្រូវ។
* គ. ពេលដែលម្ចាស់បំណុលប្រកែកមិនព្រមទទួលការអនុវត្តរបស់កូនបំណុលដោយគ្មានមូលហេតុត្រឹមត្រូវ។

ឧទាហរណ៍ទី១៖ (ការទទួលបន្ទុកហានិភ័យរបស់កូនបំណុល) នៅពេលម៉ូតូជាក់លាក់មួយគ្រឿង ដែលជាកម្មវត្ថុនៃកិច្ចសន្យាលក់ទិញ ដោយនៅមុនពេលប្រគល់ទៅឱ្យអ្នកទិញ ត្រូវបានបាត់បង់ដោយសារចោរលួច គឺកូនបំណុលដែលជាអ្នកលក់ ត្រូវទទួលនូវបន្ទុកហានិភ័យនេះ ដោយហេតុថា អ្នកលក់ជាអ្នកក្តាប់ទុក និងគ្រប់គ្រងជាក់ស្តែងទៅលើវត្ថុដែលជាកម្មវត្ថុនោះ។

ឧទាហរណ៍ទី២៖ (ការទទួលបន្ទុកហានិភ័យរបស់ម្ចាស់បំណុល) តាងX=កូនបំណុល, តាងY=ម្ចាស់បំណុល នៅពេលដែល X បានលក់ផ្ទះមួយកន្លែងទៅឱ្យ Y តែផ្ទះដែលជាកម្មវត្ថុនៃកិច្ចសន្យាលក់ទិញនោះត្រូវបានភ្លើងឆេះ ដោយសារការរីករាលដាលពីផ្ទះអ្នកជិតខាង ដូច្នេះនៅក្នុងករណីនេះ Y នឹងត្រូវទទួលបន្ទុកហានិភ័យ ប្រសិនបើ X បានប្រគល់ផ្ទះនោះទៅឱ្យ Y រួចរាល់ ហើយ Y មានការគ្រប់គ្រងជាក់ស្តែងនៅលើផ្ទះនោះ ទោះបីជាមិនទាន់បានចុះបញ្ជីផ្ទេរកម្មសិទ្ធិក៏ដោយ ។

យ៉ាងណាមិញ ក្នុងករណី X មិនទាន់បានប្រគល់ផ្ទះនោះទៅឱ្យ Y នៅឡើយទេ តែបានប្រគល់នូវសោផ្ទះ ឬប្រគល់ប័ណ្ណបញ្ជាក់សិទ្ធិ ក៏ Y នៅតែជាអ្នកទទួលបន្ទុកហានិភ័យនេះដដែល បើយោងទៅតាមស្មារតីនៃមាត្រា ៥៥០ នៃក្រមរដ្ឋប្បវេណី ។ ម្យ៉ាងវិញទៀត នៅក្នុងករណីដែល X បានចុះបញ្ជីផ្ទេរកម្មសិទ្ធិលើផ្ទះនោះរួចរាល់ឱ្យទៅ Y តែ X នៅតែបន្តស្នាក់នៅលើផ្ទះនោះដដែល ដោយសារតែ Y មិនទាន់បានមកយកផ្ទះ ដូចនេះ Y ជាអ្នកដែលទទួលបន្ទុកហានិភ័យនេះ ។

សរុបជារួមមក ការកំណត់នូវអ្នកដែលទទួលបន្ទុកហានិភ័យនៅក្នុងករណីដែលអលទ្ធភាពនៅក្នុងការអនុវត្តកាតព្វកិច្ចកើតមានឡើង គឺពិតជាមានសារៈប្រយោជន៍ណាស់ ព្រោះនៅពេលមានការខូចខាត ឬបាត់បង់នូវកម្មវត្ថុនៃកិច្ចសន្យាកើតឡើងនឹងកាន់តែមានភាពងាយស្រួល នៅក្នុងការកំណត់តាមផ្លូវច្បាប់ នូវអ្នកដែលត្រូវទទួលបន្ទុកហានិភ័យ ជៀសវាងនូវការគេចវេះពុំព្រមទទួលខុសត្រូវ៕

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា ឈិន ឆាយអ៉ី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.