(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ បានដង្ហែក្បួនពានរង្វាន់ជយលាភីលេខ១ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសឆ្នាំសិក្សា២០២០-២០២១ ដែលបានទៅលើវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសុស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងនូវការអបសារទរចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយកសាលា និងគណៈគ្រប់គ្រងសាលា ព្រមទាំងសប្បុរសជននានា ដែលជាអតីតសិស្សបានជួយឧត្ថម្ភគាំទ្រ លើការកែលម្អរទីធ្លាសាលាឱ្យមានសោភ័ណភាពរហូតទទួលបានពានរង្វាន់លេខ១ សម្រាប់សាលាស្អាតទូទាំងប្រទេស។

បើតាមលោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានឱ្យដឹងថា លទ្ធផលដែលវិទ្យាល័យទទួលបានពានរង្វាន់ជយលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១» កើតមានឡើងដោយមានការខិតខំប្រឹងប្រែងពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សគ្រប់ដៃគូរ សហការទាំងចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តមានតម្លៃ និងសំខាន់ខ្លាំងណាស់ពិសេសក្រោមការដឹកនាំលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសាលាវិទ្យាល័យស្វាយរៀង ទទួលបានការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីកែលម្អឱ្យមានសោភ័ណភាពល្អផងដែរ។

លោកនាយកវិទ្យាល័យ បានថ្លែងអំណរគុណ លោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី ចូលរួមចំណែកអភិវឌ្ឃន៍បរិស្ថានវិទ្យាល័យស្វាយរៀង ឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យដ៏ត្រចះត្រចង់ គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជយលាភីលេខ១ សាលាស្អាតក្នុងក្របខណ្ឌទូទាំង ប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។

សូមបញ្ជាក់ថា វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជយលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥,០០០,០០០រៀលផងដែរ៕