(កំពត)៖ អ្នកស្រលាញ់ការជិះកង់ និងកីឡាករ កីឡាការីនីអាជីពប្រមាណជាង ៣២៨នាក់ បានចូលរួមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ ជុំទី១ ធ្វើឡើងនៅលើភ្នំកកេស ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលកម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ជីបម៉ុង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនោះ លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 បានឲ្យដឹងថា ក្នុងកម្មវិធីជុំទី១នេះ បានទាក់ទាញកីឡាករ កីឡាការីនីជម្រើសជាតិ មហាជនដែលស្រលាញ់ការជិះកង់ទាំងក្មេងចាស់ប្រុសស្រី និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ចូលរួមជាច្រើននាក់ សរុបរហូតដល់ទៅ៣២៨នាក់ ធ្វើការប្រណាំងយ៉ាងស្វិតស្វាញ និងពោរពេញដោយថាមពល។

លោក Pierre Yves Catry បន្តថា៖ «ទីលានប្រណាំងនៅកំពត មានស្ថានភាពផ្លូវលំបាក មានផ្លូវទួល ផ្លូវថ្ម ដែលទាមទារការប្រើប្រាស់កម្លាំងខ្លាំង និងត្រូវមានបច្ចេកទេសជំនាញជិះកង់ខ្លាំងនៅពេលប្រណាំង។ ទោះបីស្ថានភាពលំបាកក៏ដោយ កីឡាករ កីឡាការីនីជាច្រើនចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ ថែមទាំងអាចស្វែងយល់គន្លឹះក្នុងការជិះកង់ភ្នំ និងអាចពង្រឹងបទពិសោធន៍បច្ចេកទេសរបស់ខ្លួន»

ចំពោះ អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងដែរថា៖ «ទីលានប្រណាំងជុំទី១នេះ ស្ថិតក្នុងតំបន់ទេសចរណ៍ធម្មជាតិ ដ៏គួរឲ្យទាក់ទាញ ធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសមានពលរដ្ឋរស់នៅក្នុងតំបន់ និងនៅតាមបណ្តាខេត្តនានា បានអញ្ជើញមកទស្សនាផ្ទាល់ភ្នែកយ៉ាងច្រើនកុះករ ដែលធ្វើឲ្យជុំទី១ មានភាពអ៊ូអរ និងសប្បាយជាខ្លាំង»

បើតាមអ្នកស្រី គង់ កុសល បន្តថា ក្រៅពីសកម្មភាពនៃការប្រណាំងកង់យ៉ាងរស់រវើកនោះ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ក៏មានការរៀបចំការភ្លក់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងស្រាបៀរ កម្ពុជា ដោយឥតគិតថ្លៃផងដែរ ដែលបន្ថែមភាពសប្បាយរីករាយកាន់តែខ្លាំងដល់អ្នកចូលរួមព្រឹត្តិការណ៍រយៈពេលថ្ងៃនេះ។ ហើយនេះ គឺជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដែលមានវិញ្ញាសារប្រកួត ១៤ផ្សេងគ្នា បើកស្វាគមន៍ដល់មហាជនគ្រប់រូប ធ្វើការប្រកួតកម្សាន្តសម្រាប់សុខភាព និងពង្រឹងសមត្ថភាពអ្នកជិះកង់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ FLYING BIKES2 ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ គ្រោងធ្វើឡើងចំនួន ៥ជុំ នៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលៀបក្នុងរាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ៕