(វ៉ាស៊ីនតោន)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ Model 3 គឺជារថយន្តអគ្គីសនីដែលលក់ដាច់ជាងគេបំផុតនៅទូទាំងពិភពលោក ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន Tesla ទើបតែប្រកាសបង្ហាញថា ខ្លួនកំពុងតែប្រមូលរថយន្តម៉ូដែលនេះប្រហែល ៤៨,០០០គ្រឿងត្រឡប់មកវិញ នៅក្នុងសហរដ្ឋអាមេរិក ព្រោះតែមានបញ្ហាមិនបង្ហាញកម្រិតវាស់ល្បឿន នៅពេលដែលជ្រើសរើសយក «Track Mode»

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន U.S.News នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ការប្រមូលត្រឡប់មកវិញនេះ ត្រូវធ្វើឡើងចំពោះរថយន្ត Model 3 ដែលផលិតឡើងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ហើយ Tesla មានបំណងដោះស្រាយបញ្ហានេះតាមរយៈការអាប់ដេត (Software-over-the-air) ព្រមទាំងបានបញ្ជាក់ថា ការអាប់ដេត «Firmware» ថ្មី ដែលបានដាក់ចេញកាលពីខែធ្នូ គឺមានអចេតនា «បានដកឯកាតាល្បឿនចេញពីប្រព័ន្ធដំណើរការរថយន្តដែលភ្ជាប់ទៅកាន់អ្នកប្រើប្រាស់»

ជាមួយគ្នានេះរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេបានសន្និដ្ឋានថា «យានជំនិះមិនគោរពតាមស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ ហើយប្រសិនបើអ្នកបើកបរមិនដឹងថាខ្លួនធ្វើដំណើរលឿនប៉ុណ្ណា វាអាចបង្កើនហានិភ័យគ្រប់ពេលចំពោះគ្រោះថ្នាក់»