(ភ្នំពេញ)៖ សហព័ន្ធកីឡាយានយន្ដកម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ដ GCC ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ ដែលគ្រោងប្រកួតជុំទី១ នាចុងខែឧសភានេះ ខណៈបើកទទួលចុះឈ្មោះចូលរួមប្រកួតដោយសេរី ឲ្យតែកីឡាករ-កីឡាការិនីមានអាជ្ញាបណ្ណប្រណាំងយានយន្ដត្រឹមត្រូវ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតនាល្ងាចថ្ងៃទី០១ ខែឧសភាម្សិលមិញ លោក ខៃ វណ្ណៈ អគ្គលេខាធិការរងសហព័ន្ធបានបញ្ជាក់ថា ការចុះឈ្មោះចូលរួមការប្រកួតជើងឯកខាងលើ គឺមិនមានការកំណត់ចំនួនឡើយ ប៉ុន្ដែកីឡាករ-កីឡាការិនីចូលរួមទាំងអស់ ដាច់ខាតត្រូវមានអាជ្ញាបណ្ណប្រណាំងយានយន្ដ ហើយត្រូវមានក្លិប ឬក្រុមចុះឈ្មោះចូលរួមប្រកួតទៀតផង។

លោកបន្ដថា ការប្រកួតនេះ នឹងធ្វើឡើង ៣ជុំ ដោយជុំទី១ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២៨-២៩ ខែឧសភាខាងមុខ គ្រាដែលជុំទី២ និងជុំទី៣ គ្រោងរៀបចំការប្រកួតនាខែតុលា និងខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ តាមរយៈនេះ លោកបានអំពាវនាវដល់សមាគម/ក្លិប ក៏ដូចជាកីឡាករ-កីឡាការិនីរួសរាន់ចុះឈ្មោះ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះឲ្យទទួលបានជោគជ័យ និងរួមចំណែកផ្សព្វផ្សាយពីវិស័យកីឡាយានយន្ដកម្ពុជាផងដែរ៕