(ភ្នំពេញ)៖ តារាចម្រៀងស្រីបែបយុវវ័យ ចូលចិត្តបញ្ចេញស្ទីលសិចស៊ី និងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ប្រចាំក្នុងផលិតកម្ម ថោន កញ្ញា រតនៈ ពិសី បានសម្រេចចិត្តបោះទុនប្រមាណជាង ២០ម៉ឺនដុល្លារ ដើម្បីបើកជំនួញរកស៊ីថ្មីមួយបន្ថែមទៀត បន្ទាប់ពីការងារសិល្បៈត្រូវបានប្រកាសផ្អាកមួយរយៈធំ និងការបើកហាងស្ប៉ារបស់នាង កំពុងតែដំណើរការយ៉ាងរលូន។ ជំនួញថ្មីរបស់តារាចម្រៀង រតនៈ ពិសី គឺត្រូវបានគេដឹងថា មានការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គូស្នេហ៍របស់នាង ដែលកំពុងរស់នៅទឹកដីអាមេរិក ខណៈជំនួញនេះ គឺការនាំផលិតសុខភាពពីអាមេរិក មកលក់ផ្តាច់មុខនៅកម្ពុជា។

ទោះបីជានៅក្នុងប្រទេសកម្ពុជាត្រូវបានញាំញី និងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ក្ដី ប៉ុន្តែសម្រាប់តារាចម្រៀង រតនៈ ពិសី គឺនៅតែមានសកម្មភាពមមាញឹកដដែល ជាពិសេស គឺទៅលើការងាររៀបចំបើកជំនួញរកស៊ីរបស់នាង ដោយថ្មីៗនេះក្ដីស្រមៃនៃការបើករបររកស៊ី បានលេចចេញជារូបរាងហើយ គឺមានឈ្មោះថា «អ៉ិចស្ព្រេសម៉ាត» ដែលមានអាសយដ្ឋានតាមបណ្ដោយផ្លូវ ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តារាចម្រៀងចូលចិត្តបញ្ចេញភាពសិចស៊ី ដើមទ្រូងមូលក្បំ រតនៈ ពិសី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា «ចា៎..បង! ខ្ញុំបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា អេលីខេភី ត្រេឌីង ឯ.ក ដែលក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនស្របច្បាប់ ទទួលបានវិញ្ញាបនបត្រ ពីក្រសួងពាណិជ្ជកម្ម និងទទួលបានសិទ្ធនាំចូលផលិតផលអាហារបំប៉ន សុខភាពពីសហរដ្ឋអាមេរិក ហើយការបើកក្រុមហ៊ុននេះដែរ គឺចំណាយដើមទុនប្រមាណជាង ២០ម៉ឺនដុល្លារ ។ ក្រុមហ៊ុនរបស់ខ្ញុំ បាននាំចូលផលិតអាហារបំប៉នសុខភាពសុទ្ធ ពីសហរដ្ឋអាមេរិក ដើម្បីយកមកលក់នៅក្នុងប្រទេសកម្ពុជា តាមរយៈការបើកជាម៉ាត មានឈ្មោះថា អ៉ិចស្ព្រេសម៉ាត...»

យ៉ាងណាមិញ តារាចម្រៀងរាងតូចច្រឡឹង រតនៈ ពិសី បានទទួលស្គាល់ថា ការនាំចូលផលិតអាហារបំប៉នសុខភាព និងផលិតផលផ្សេងៗទៀត ពីសហរដ្ឋអាមេរិក យកមកលក់នៅក្នុងប្រទេសកម្ពុជានេះ គឺមានការជួយជ្រោមជ្រែងសម្របសម្រួល ពីសំណាក់គូស្នេហ៍របស់ខ្លួន ដែលជាអ្នករស់នៅលើទឹកដីអាមេរិកស្រាប់។ គូស្នេហ៍របស់នាង បានជួយសម្របសម្រួលទាក់ទងនឹងផ្នែកច្បាប់ សេវាទំនិញឆ្លងដែន ម៉ាកផលិតផល និងការបង់ពន្ធជាដើម ដើម្បីឲ្យទំនិញ និងផលិតផលទាំងអស់នេះ យកមកចរាចរដោយស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា តារាចម្រៀង រតនៈ ពិសី ត្រូវបានគេដឹងថា នាងមានគូស្នេហ៍ដែលជាអនិកជនខ្មែរ រស់នៅអាមេរិក ហើយសព្វថ្ងៃនេះ តារារូបនេះមានជំនួញធំៗចំនួន៣នៅក្នុងដៃ ក្នុងនោះរួមមាន ទី១ ហាងម៉ាស្សា ស្ប៉ា និងស្ទីម, ទី២ ហាងសាឡន កាត់សក់ ម៉ាស្សាមុខ សំអាតត្រចៀកសម្រាប់បុរស និងទី៣ គឺទើបចាប់ផ្តើមបើកមីនីម៉ាត លក់និងនាំចូលផលិតផលអាហារ បំប៉នសុខភាពសុទ្ធ ពីអាមេរិក។

ដោយឡែកសម្រាប់រឿងរ៉ាវស្នេហា ជាមួយនឹងម្ចាស់ចិត្តរបស់នាង ដែលជាអនិកជនខ្មែររស់នៅអាមេរិកនោះ ក៏ហាក់បីដូចជាស្ងប់ស្ងាត់ ក្នុងអំឡុងពេលកូវីដ១៩ វាយលុក ព្រោះតែជើងហោះហើនានាត្រូវបានផ្អាក ធ្វើឲ្យនាង និងគូស្នេហ៍មិនបានជួបគ្នា។ ប៉ុន្តែជំនួញរកស៊ីថ្មីរបស់នាង ក្នុងការនាំផលិតផលមកពីសហរដ្ឋអាមេរិក គឺត្រូវបានគេដឹងថា មានការសម្របសម្រួលពីគូស្នេហ៍របស់នាង ទើបការងារនេះប្រព្រឹត្តិទៅដោយរលូន ទទួលស្គាល់ទៅតាមច្បាប់ និងលេចចេញជារូបរាងឡើងនៅពេលនេះ៕