(ភ្នំពេញ)៖ ក្លិបកីឡាវាយសី អ៊ិនធើ គ្រោងរៀបចំការប្រកួតយ៉ាងហោច ១ឆ្នាំ ២ដង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីគ្រប់បណ្ដារាជធានី-ខេត្តបានចូលរួម និងរួមចំណែកអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

នេះបើតាមការគូសបញ្ជាក់របស់ម្ចាស់ក្លិបលោក ឡុង ច័ន្ធថា និងលោក ហាន ហ្វា បន្ទាប់ពីលោកបានរៀបចំការប្រកួតដណ្ដើមពានរង្វាន់មិត្តភាពរយៈពេល ២ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីជាច្រើនរូបបានចូលរួមប្រកួតប្រជែង។

លោក ហាន ហ្វា បានបង្ហាញមោនទភាពដែលការរៀបចំឆ្នាំនេះ បានដំណើរការដោយរលូន និងមានកីឡាករ-កីឡាការិនីជាច្រើន មកពីបណ្ដាក្លិបរាជធានី-ខេត្តបានចូលរួម ដែលជំរុញឲ្យក្លិបកាន់តែមានទំនុកចិត្តក្នុងការរៀបចំការប្រកួតជាបន្ដបន្ទាប់ទៀត ដើម្បីលើកស្ទួយ ក៏ដូចជាបង្កើត និងបង្កើនមិត្តភាពសម្រាប់គ្រួសារកីឡាវាយសីទូទាំងប្រទេសកម្ពុជា។

លោកបន្ដថា «នេះគឺជាមោទនភាពមួយ ក្នុងនាមយើងជាក្លិបកីឡាមួយ ដែលទទួលបានកីឡាករ-កីឡាការិនី និងមិត្តភាពតាមបណ្ដាខេត្តច្រើន។ យើងពិតជាអរគុណ និងស្ងើចសរសើរចំពោះទឹកចិត្តហើយនេះ ហើយបន្ដបន្ទាប់ទៀត ក្លិបរបស់យើង តាំងចិត្ដនឹងរៀបចំការប្រកួតឲ្យបានញឹកញាប់ អាចថា ១ឆ្នាំ ២ដង ដើម្បីជំរុញយុវជនចូលរួមលេងកីឡាវាយសីឲ្យកាន់តែផុសផុល ដើម្បីពង្រឹងសមត្ថភាព និងរួមចំណែកអភវិឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន»

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតក៏មានការចូលរួមប្រគល់រង្វាន់ជយលាភីដល់កីឡាករ-កីឡាការិនីពីសំណាក់លោក ស្រា រតនៈ និងលោក សេង ប៊ុនឃាង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ៕