(ក្រុងឡុងដ៍)៖ ៣ពិន្ទុនៅក្នុងផ្ទះរបស់ក្រុមញញួរធំ West Ham United នៃលទ្ធផលឈ្នះ ២ទល់នឹង១ បានធ្វើឲ្យ Arsenal ឡើងទៅកាន់តំណែងលេខ៤ ក្នុង Premier League ជាបណ្តោះអាសន្នវិញដោយមាន ៦៣ពិន្ទុ គ្រាដែលបិសាចក្រហម Manchester United ឈរនៅលេខ៦ មាន ៥៥ពិន្ទុ។

ខ្សែការពារ Rob Holding ជាអ្នករកបានគ្រាប់បើកឆាក ហើយក៏ជាគ្រាប់ដំបូងរបស់គេផងដែរនៅក្នុងយុទ្ធនាការលីគកំពូលអង់គ្លេស ដោយបង្ហាញខ្លួនបាន ៨១ប្រកួតនាពេលកន្លងមកនាកីឡដ្ឋាន London Stadium នៅរាត្រីថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២។

តែយ៉ាងណា Jarrod Bowen បានជួយឲ្យ West Ham តាមស្មើ ១-១ វិញនៅមុនពេលបញ្ចប់វគ្គទី១ នៅពេលដែលពួកគេលេងសហការគ្នាបានល្អផងដែរ ក្នុងការប្រជែងយកកៅអី UEFA Champions League សម្រាប់រដូវកាលក្រោយ ដ្បិតពួកគេបានកំពុងឈរនៅលេខរៀងទី៧ ជាបណ្តោះអាសន្ន មុនក្រុមរបស់លោក David Moyes បានបន្តរបូតគ្រាប់បាល់ទី២ ពីការធ្វើបានសម្រេចដោយ Gabriel Martinelli។

ថ្លែងក្រោយចប់ការប្រកួតពីសំណាក់លោក Mikel Arteta អ្នកចាត់ការទូទៅ Arsenal បានឲ្យដឹងថា «យើងលេងពុំបានល្អទេ។ ខ្ញុំនិយាយពាក្យនេះ ដោយសារពួកយើងទទួលបានជ័យជម្នះដ៏អាក្រក់បំផុត មានន័យថា ក្រុមធំដែលទទួលបានជ័យជម្នះក្នុងស្ថានភាពបែបនេះ គឺពិតណាស់ ធ្វើពុំបានល្អឡើយ»

Arsenal ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៨ និងពុំបានលេងពានអឺរ៉ុបណាមួយនារដូវកាលមុននោះ ពួកគេនៅសល់ ៤ប្រកួតក្នុងដៃទៀតមុនបិទរដូវកាលនេះ និងនាំមុខក្រុមលេខ៥ Tottenham Hotspur ២ពិន្ទុ គ្រាដែល Man Utd ដែលឈរនៅលេខ៦ នោះត្រូវប៉ះក្រុមភ្ញៀវ Brentford នាយប់នេះក្នុងប្រកួតទី៣៦ របស់ពួកគេដែរ៕