(សៀមរាប)៖ ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរបានរើស និងរក្សាទុកសម្ភារមួយចំនួន ព្រមទាំងបានប្រគល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលភ្លេច ឬជ្រុះ។

សម្ភារៈដែលបានប្រគល់ជូនមានដូចជាកាតាប កាបូបប្រាក់ ទូរសព្ទដៃ កាមេរ៉ា កាតធានាគារ ឆ្នាំងសាកទូរសព្ទ Power bank សោម៉ូតូ ប័ណ្ណចូលទស្សនាប្រាសាទ លិខិតឆ្លងដែន មួក និងប្រាក់មួយចំនួន។

ជារឿយៗភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារ ឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ។ ក្រោយពេលប្រទះឃើញ ភ្នាក់ងារទេសចរណ៍បានសហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ដើម្បីស្វែងរកម្ចាស់ និងបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕