(ភ្នំពេញ)៖ សត្វក្តាន់ប្រមាណ៧០ក្បាល ដែលជាសត្វកម្រនៅលើពិភពលោក ត្រូវបានអ្នកវិទ្យាសាស្ត្រតាមដានឃើញរស់នៅ ក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។

លទ្ធផលដ៏គួរឱ្យរំភើបនេះ ត្រូវបានបញ្ជាក់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូន ដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅកាលពីសប្តាហ៍កន្លងទៅ។

កម្មវិធីស្រាវជ្រាវនេះ ត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO ក្រុមអ្នកជំនាញបច្ចេកវិទ្យាដ្រូននៃម៉ាស៊ីនថតប្រើកំដៅ DRONES GmbH ក៏ដូចជាពីសំណាក់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ នៃដែនជម្រកសត្វព្រៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការ WWF។

លទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនផងដែរ ដែលជាកត្តាចង្អុលបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះនៅក្នុងតំបន់ទីជម្រក។ ក្រសួងបរិស្ថាន និងអង្គការ WWF កំពុងរៀបចំរបាយការណ៍ស្តីពីស្ថានភាព និងចំនួនសត្វក្តាន់ សម្រាប់ការចេញផ្សាយនាពេលខាងមុខនេះ។ សត្វក្តាន់ត្រូវបានកំណត់ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាសកល ហើយនៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះធ្លាប់ត្រូវបានអ្នកវិទ្យាសាស្រ្តប៉ានប្រមាណថាបានផុតពូជទៅហើយ រហូតដល់មានការរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០៦ នៅក្នុងខេត្តក្រចេះ។

ទោះជាយ៉ាងណាក៏ដោយ សត្វនេះបាន និងកំពុងទទួលរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការបរបាញ់ និងវិបត្តិអន្ទាក់ ដែលបានរាលដាលឡើងដោយការជួញដូរសត្វព្រៃខុសច្បាប់។ ដើម្បីជួយសង្រ្គោះសត្វក្តាន់ និង សត្វព្រៃសំខាន់ៗជាសកលជាច្រើនប្រភេទទៀតក្នុងប្រទេសកម្ពុជាពីការបរបាញ់ និងការដាក់អន្ទាក់ យុទ្ធនាការ «អន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ត្រូវបានរៀបចំឡើង និងបើកឱ្យដំណើរការជាផ្លូវការ កាលពីដើមខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ដោយមានគោលដៅលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់៕