(ភ្នំពេញ)៖ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បាននឹងកំពុងជំរុញការអភិវឌ្ឍ និងពង្រឹងការរៀបចំក្រុមជម្រើសជាតិ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីមានការស្នើសុំពីបណ្ដាប្រទេសអាស៊ានឲ្យកម្ពុជាដាក់បញ្ចូលកីឡានេះក្នុងកម្មវិធីប្រកួត។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត៉ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា។

លោកបានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាបកាលពីថ្មីៗ មានបណ្ដាប្រទេសជាច្រើន បានសំណូមពរកម្ពុជាឲ្យដាក់បញ្ចូលកីឡាគ្រិកឃីត ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ខណៈម្ចាស់ផ្ទះកម្ពុជា បានដាក់កីឡានេះ ក្នុងប្រភេទកីឡាបម្រុង ។ ការស្នើសុំនេះហើយ ដែលជំរុញឲ្យកម្ពុជា ពិសេសសហព័ន្ធកីឡាគ្រិកឃីត ត្រូវខិតខំរៀបចំឲ្យបានល្អ ដើម្បីត្រៀម ប្រសិនបើមានការសម្រេចណាមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា នាខែមិថុនាខាងមុខ។

ប្រធានសហព័ន្ធខាងលើបន្ដថា «យើងជាម្ចាស់ផ្ទះ បើអត់រៀបចំទុកមុន ឧទាហរណ៍គេទាំងអស់គ្នា ចាប់ពី ៦ ឬ ៧ប្រទេសឡើងទៅ គេសំណូមពរ យើងពិបាកក្នុងការបដិសេធណាស់ ។ អ៊ីចឹងហើយបានជាយើងត្រូវខិតខំពង្រឹង ឲ្យកីឡាគ្រិតឃីត ក្លាយទៅជាវិញ្ញាសាមួយ នៅពេលប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ គេរួបរួមគ្នាហើយ យើងបានត្រៀមខ្លួនហើយស្រេច ហើយការអនុម័តរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ថា មាន ឬក៏អត់ បើមាន គឺយើងមានស្រាប់ ។ នេះគឺជាគោលបំណងរបស់យើង ដើម្បីជំរុញឲ្យកីឡាគ្រីឃីតដើរទៅមុខ»

ទន្ទឹមជាមួយការត្រៀមខ្លួននេះដែរ ក្រៅពីពង្រឹងការអភិវឌ្ឍ និងរៀបចំក្រុមក្នុងស្រុក សហព័ន្ធក៏បានទាក់ទងកីឡាករខ្មែរនៅក្រៅប្រទេស ដូចជានៅប្រទេសអូស្ដ្រាលី និងបារាំងជាដើម ដែលមានកម្រិតបច្ចេកទេសខ្ពស់ ដើម្បីកោះហៅមកចូលរួមជាមួយក្រុមកីឡាគ្រិតឃីតជម្រើសជាតិកម្ពុជា ហើយធ្វើការហ្វឹកហាត់ជាមួយកីឡាករបរទេស ស្របតាមច្បាប់របស់សហព័ន្ធកីឡាគ្រិកខីតអន្ដរជាតិ ដែលអនុញ្ញាតឲ្យកីឡាករបរទេសចូលរួមជាមួយក្រុមជម្រើសជាតិបាន ។ លោក វ៉ាត់ ចំរើន បន្ថែម។

លោកថា ការខិតខំប្រឹងប្រែងនេះ គឺគោរពតាមការណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដែលបានណែនាំថា ការរៀបចំស៊ីហ្គេម មិនមែនរៀបចំតែប្រភេទកីឡាម្ចាស់ផ្ទះនោះទេ តែក៏ត្រូវមានបញ្ចូលប្រភេទកីឡារបស់បណ្ដាប្រទេសសមាជិកខ្លះដែរ ជាក់ស្ដែងកីឡាគ្រិកឃីត ដែលមានប្រទេសជាច្រើនបានស្នើឲ្យកម្ពុជាដាក់បញ្ចូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងឱកាសនៃការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមកីឡាគ្រិកឃីតជម្រើសជាតិ នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ជាមួយក្រុម Royal Strikers មកពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នេះ នៅទីលានបាល់ទាត់ (ក្រៅវិមាន) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈលទ្ធផលក្រុមកីឡាគ្រិកឃីតកម្ពុជា បានយកឈ្នះក្រុមភ្ញៀវមកពីម៉ាឡេស៊ី ដោយលទ្ធផល ១៤៥-១៤៤ពិន្ទុ។

លោក វ៉ាត់ ចំរើន បានចាត់ទុកការប្រកួតមិត្តភាពនេះ គឺជាការចាប់ផ្ដើមមួយ ស្របពេលសហព័ន្ធមានការងារជាច្រើនទៀត ដើម្បីពង្រឹងភាពរឹងមាំរបស់សហព័ន្ធ និងពង្រឹងគុណផលកីឡាគ្រិកឃីតកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី០៦ ខែឧសភាចុងសប្ដាហ៍នេះ សហព័ន្ធត្រៀមទទួលប្រតិភូជាន់ខ្ពស់មកពីសហព័ន្ធកីឡាគ្រិតឃីតអាស៊ីអាគ្នេយ៍ និងប្រធានសហព័ន្ធកីឡាគ្រិកឃីតសិង្ហបុរី ដែលនឹងមកទស្សនកិច្ច និងផ្ដល់នូវការគាំទ្រដល់កីឡាគ្រិកឃីតកម្ពុជា ពិសេសជជែកអំពីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕