(ឡុងដ៍)៖ កីឡាការិនី Karen Bardsley ដែលជាអ្នកចាំទីរបស់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី របស់ចក្រភពអង់គ្លេស និងក្លិប Manchester City នឹងចូលនិវត្តន៍ នៅចប់រដូវកាលនេះ បន្ទាប់ពីប្រកបអាជីពនេះ អស់រយៈពេល១៣ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាការិនីវ័យ៣៧ឆ្នាំរូបនេះ បានជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេស៨១ប្រកួត ខណៈនាងបានឈ្នះពានរង្វាន់ធំៗចំនួន៨ ជាមួយក្លិប City ក្នុងនោះរួមទាំងពានរង្វាន់ Women's Super League ជាលើកដំបូងរបស់ពួកគេផងដែរ។

Bardsley បានតស៊ូជាមួយនឹងពេលវេលាប្រកួត ចាប់តាំងពីមានបញ្ហារបួសសរសៃពួរ នៅឯការប្រកួតក្នុងព្រឹត្តិការណ៍ 2019 World Cup។

"នៅពេលដែលរាងកាយរបស់អ្នក មិនត្រូវគ្នាជាមួយនឹងអ្វី ដែលអ្នកចង់ធ្វើនោះ វាគឺជាការខកចិត្តយ៉ាងខ្លាំង", នេះបើតាមសម្តី Bardsley បានប្រាប់សារព័ត៌មាន BBC Sport។

ការប្រកួតក្នុងលីគលើកចុងក្រោយរបស់កីឡាការិនី Bardsley សម្រាប់ក្លិប City គឺប៉ះនឹងក្រុម Aston Villa កាលពីខែមករា ឆ្នាំ២០២១៕