(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ បានប្រកាសបញ្ជីឈ្មោះកីឡាករ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំ ចំនួន ២០នាក់ជាផ្លូវការ សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ដូចការគ្រោងទុកបន្ទាប់ពីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី២ រយៈពេល ១សប្ដាហ៍ ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា មុនចេញទៅទីក្រុងហាណូយ ១ថ្ងៃ បញ្ជីឈ្មោះចុងក្រោយរបស់ក្រុម U23 កម្ពុជា ក៏ត្រូវបានបង្ហាញជាផ្លូវការ ស្របពេលក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវធ្វើដំណើរទៅទីក្រុងហាណូយ នាថ្ងៃទី០៤ ខែឧសភាស្អែកនេះ។

សម្រាប់បញ្ជីឈ្មោះកីឡាករ ២០នាក់ចុងក្រោយខាងលើ រួមមានកីឡាករបឹងកេត ៥នាក់ (ហ៊ុល គឹមហ៊ុយ, សៀង ចន្ធា, សឿត ណាវ៉ា, តាំង ប៊ុនឆៃ និង វ៉ាំង ដាវីន), វិសាខា ៣នាក់(វីរៈ ដារ៉ា, សារ ទី និង គី រីណា), ភ្នំពេញក្រោន ៣នាក់ (ជួន ចាន់ចាវ, លឹម ពិសុទ្ធ និង យ៉ើ សាហ្វី), ព្រះខ័នរាជស្វាយរៀង ៣នាក់ (មិន រតនៈ, អ៊ាន ពិសី និង ជូ ស៊ីនទិ), ណាហ្គាវើលដ៏ ២នាក់ (ផា សុខម៉េង និង ផាត សុខា), គិរីវង់ ១នាក់ (អ៊ីម សំអូន), អង្គរថាយហ្គឺរ ១នាក់(ម៉ៅ ពិសិដ្ឋ), កងយោទពលខេមរភូមិន្ទ ១នាក់ (ញាណ សុស៊ីដាន) និងព្រៃវែង ១នាក់ (ស៊ិន សុវណ្ណមករា)។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ដែលការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែឧសភាតទៅ ពោលគឺមុនពិធីបើកការប្រកួតផ្លូវការ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ។ សម្រាប់ការប្រកួតដំបូងរបស់ក្រុម U23 កម្ពុជា នឹងត្រូវជួបឡាវ នាវេលាម៉ោង ៤ល្ងាច ថ្ងៃទី០៩ ខែឧសភាខាងមុខ មុនបន្ដជួបសិង្ហបុរី នាថ្ងៃទី១១-ឧសភា និងជួបថៃ នាថ្ងៃទី១៤-ឧសភា ខណៈចុងក្រោយជួបម៉ាឡេស៊ី នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅទឹកដីវៀតណាម៕