(កូរ៉េ)៖ លោក Heo Sung Tae ដែលជាតារាសម្តែងកូរ៉េល្បីឈ្មោះ តាមរយៈការចូលរួមសម្តែងរឿង «Squid Game» ជាតួអង្គចិត្តអាក្រក់នោះ បានសារភាពឲ្យដឹងនាពេលថ្មីៗនេះថា រូបលោកមានជំងឺខ្លាចសង្គម បន្ទាប់ពីល្បីល្បាញ ក្រោយសម្តែងរឿង «Squid Game»។ ប្រការនេះបានធ្វើឲ្យលោកមិនហ៊ានជួបមនុស្សម្នា និងបានលុបចោលការងារសិល្បៈជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Allkpop នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

នៅថ្ងៃទី០២ ខែឧសភា ម្សិលមិញនេះ លោក Heo Sung Tae តាមរយៈផ្តល់បទសម្ភាសន៍តាមប្រព័ន្ធអនឡាញ បានទម្លាយថា បន្ទាប់ពីរឿង «Squid Game» ដែលលោកចូលរួមសម្តែងល្បីល្បាញ រូបលោកផ្ទាល់ស្រាប់តែមានជំងឺខ្លាចសង្គម ដែលធ្វើឲ្យលោកខ្លាចក្នុងការជួបមនុស្សម្នា និងមិនអាចគ្រប់គ្រងខ្លួនឯងបាន រហូតលុបចោលគម្រោងភាពយន្តភាគមួយចំនួនផងដែរ។ លោកនិយាយថា «វាជាពេលវេលាដែលខ្ញុំមានវិបត្តិ ប៉ុន្តែខ្ញុំអាចយកឈ្នះវាបាន ដោយសារដំបូន្មានពីអ្នកដឹកនាំ»

យ៉ាងណាមិញ នៅពេលនេះរូបលោក ហាក់ប្រសើរឡើងវិញច្រើនហើយ ហើយកំពុងតែបន្ដការងារសិល្បៈខ្លួនបានយ៉ាងរលូន ដោយមានវត្តមាននៅក្នុងរឿង «Bloody Heart» ដែលជាខ្សែភាពយន្ដភាគ បែបសម័យបុរាណផងដែរ៕