(ក្រុងឡុងដ៍)៖ តាមរយៈឈ្នះពានជើងឯក World Snooker Champioship 2022 ក្រោយផ្តួលគូប្រជែង Judd Trump នៅវគ្គផ្តាច់ព្រ័ត្រនោះ បានធ្វើឲ្យកីឡាករសញ្ជាតិអង់គ្លេស Ronnie O’Sullivan តាមទាន់កំណត់ត្រារបស់ Stephen Hendry ដែលឈ្នះបាន ៧ដងច្រើនជាងគេដូចគ្នា។

កីឡាករចាស់វស្សាវ័យ ៤៦ឆ្នាំខាងលើនេះបានយកឈ្នះមិត្តរួមជាតិ Judd Trump នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះក្នុងលទ្ធផល ១៨ទល់នឹង១៣ នៅឯទីលាន Crucible ដែលស្ថិតក្នុងទីក្រុង Sheffield ប្រទេសអង់គ្លេស។

មួយវិញទៀត O’Sullivan ក៏បានក្លាយជាជើងឯក World Champion ចាស់ជាងគេផងដែរ នៅក្រោយពេលអតីតកីឡាករ Ray Reardon ដែលឈ្នះពាននេះលើកទី៦ តាំងពីឆ្នាំ១៩៧៨ នៅពេលរូបលោកមានវ័យ ៤៥ឆ្នាំ គ្រាដែល O’Sullivan ឈ្នះលើកទី៦ ក្នុងឆ្នាំ២០២០ ក្រោយផ្តួល Kyren Wilson នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៨ទល់នឹង៨។

Ronnie O’Sullivan បានគ្រងតំណែងជើងឯក World Snooker Championship ដំបូងក្នុងឆ្នាំ២០០១ និងបន្តបន្ទាប់មកទៀតក្នុងឆ្នាំ២០០៤ ២០០៨ ២០១២ ២០១៣ ២០២០ និងចុងក្រោយលើកទី៧ ក្នុងឆ្នាំ២០២២ ជាមួយនឹងរង្វាន់អមដោយទឹកប្រាក់ចំនួន ៥០ម៉ឺនផោនទៀតផង៕