(កូរ៉េ)៖ តារាភាពយន្តល្បីឈ្មោះរបស់អង់គ្លេស លោក Benedict Cumberbatch នៅថ្ងៃច័ន្ទសប្តាហ៍នេះ បានបង្ហាញក្តីសង្ឃឹមចង់ចូលរួមសម្តែងក្នុងភាពយន្តរបស់កូរ៉េ ប្រសិនបើលោកត្រូវបានផ្តល់ឱកាស ខណៈប្រទេសកូរ៉េខាងត្បូង គឺមានផលិតករភាពយន្តដ៏អស្ចារ្យជាច្រើនរូបផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yonhap នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

លោក Benedict Cumberbatch បាននិយាយនៅក្នុងសន្និសីទកាសែត តាមប្រព័ន្ធវីដេអូអនឡាញ ក្នុងឱកាសសម្ពោធចាក់បញ្ចាំងរឿង «Doctor Strange 2» នៅកូរ៉េខាងត្បូងថា លោកធ្លាប់ជាអ្នកគាំទ្រភាពយន្តកូរ៉េ តាំងពីដើមរហូតដល់ទល់ពេលនេះ។ លោកថា ប្រទេសកូរ៉េខាងត្បូង មានផលិតករភាពយន្តមួយចំនួន មានសមត្ថភាពដ៏អស្ចារ្យ ហើយសង្ឃឹមថា ថ្ងៃណាមួយនឹងមានឱកាស បានចូលរួមសម្តែងជាមួយ។

«Doctor Strange» វគ្គថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការគាំទ្រខ្លាំងនៅកូរ៉េខាងត្បូង ដូចទៅនឹងភាពយន្ត Spider-Man កាលពីឆ្នាំមុនដែរ ខណៈសំបុត្រចូលទស្សនាភាពយន្ត «Doctor Strange 2» នៅកូរ៉េខាងត្បូងកំពុងមានសន្ទុះខ្លាំង។

គួរជម្រាបថា តារាសម្ដែង Benedict Cumberbatch បានវិលត្រឡប់មកក្ដោបក្ដាប់តំណែងជាតួអង្គ Doctor Strange ជាថ្មីម្ដងទៀត ព្រមជាមួយវត្តមានរបស់តួអង្គ Wanda ដែលដើរតួដោយតារាស្រី Elizabeth Olsen ផងដែរ។ ជាពិសេសរឿងនេះ គឺជាការចូលរួមសម្ដែងជាលើកដំបូង របស់តារាស្រីវ័យក្មេង Xochitl Gomez (សូឈីល ហ្គោម៉េ) ក្នុងពិភព Marvel (ម៉ាវល) ដោយនាងនឹងសម្ដែងជាតួអង្គ America Chavez (អាមេរិកខេន ឆាវេស) ជាតួអង្គស្រឡាញ់ភេទដូចគ្នា៕