(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airway ដែលបានផ្ដល់យន្ដហោះពិសេស ដើម្បីដឹកជញ្ជូនគណៈប្រតិភូ និងអត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយឥតគិតថ្លៃ។
លោកបានចាត់ទុកនេះគឺជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិស័យកីឡាជាតិ ដោយលោកបានគូសបញ្ជាក់លើបណ្ដាញសង្គមផ្ទាល់ខ្លួននារសៀលថ្ងៃអង្គារនេះថា «ការរួមចំណែកដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការចំណាយទៅលើការដឹកជញ្ជូន និងមួយផ្នែកទៀតក៏បានបន្ថយភាពស្មុគស្មាញក្នុងការធ្វើដំណើររបស់កីឡាករ កីឡាការិនី របស់យើងផងដែរ»។
លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា «ក្នុងដំណើរឆ្ពោះទៅកាន់ភាពជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ យើងពិតជាត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការគាំទ្រដែលមិនអាចខ្វះបានពីដៃគូឯកជន។ ខ្ញុំសូមជូនពរគណៈប្រតិភូកីឡាទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ត្រឡប់មកវិញជូនជាតិ»។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ខាងលើ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជូនដំណឹងដល់ប្រតិភូកីឡាកម្ពុជាថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រិតភូកីឡាកម្ពុជា នឹងធ្វើដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ដោយឥតគិតថ្លៃ ក្រោមការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន Cambodia Airway កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។
ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នឹងបើកការប្រកួតផ្លូវការពីថ្ងៃទី១២-២៣ ខែឧសភា ដោយម្ចាស់ផ្ទះវៀតណាម បានកំណត់កីឡា ៤០ប្រភេទដាក់ក្នុងកម្មវិធីប្រកួត ហើយកម្ពុជា នឹងបញ្ជូនប្រតិភូ និងអត្តពលិក ៥៦០នាក់ លើកីឡា ៣៣ប្រភេទទៅចូលរួម។ ប៉ុន្ដែក្នុងនោះ មានប្រតិភូកីឡាមួយចំនួន ត្រូវធ្វើដំណើរទៅមុន ដ្បិតត្រូវធ្វើការប្រកួតមុនពិធីបើក ដូចជាក្រុមបាល់ទាត់បុរស-នារី ក្រុមកីឡាឃីកបុកស៊ីង, ប្រដាល់គុនខ្មែរ និងកីឡាទូកកានូ/រ៉ូអ៊ីជាដើម ដែលនឹងត្រូវចេញដំណើរនាថ្ងៃទី០៤ ខែឧសភាស្អែកនេះ ខណៈក្រុមផ្សេងៗ នឹងត្រូវចេញដំណើរនាពេលបន្ដបន្ទាប់៕