(រីយ៉ូ)៖ អតីតខ្សែបម្រើលំដាប់អន្តរជាតិប្រេស៊ីល Hernanes បានប្រកាសចូលនិវត្តន៍របស់លោកពីវិស័យបាល់ទាត់ ក្រោយប្រកបអាជីពមួយនេះ អស់រយៈពេល ១៨ឆ្នាំ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ មិនមានក្លិបជ្រកកោននោះទេចាប់តាំងពីខែធ្នូឆ្នាំមុន នៅពេលដែលលោកបានចែកផ្លូវគ្នាជាមួយនឹងក្លិប Sport Recife ដែលលេងនៅលីគ Brazilian Serie A ត្រឹមរយៈពេល ៥ខែ។

«ថ្ងៃនេះ ខ្ញុំបញ្ចប់ជាផ្លូវការនូវការលេងរបស់ខ្ញុំ» Hernanes បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។ «ខ្ញុំបានកំណត់គោលបំណងនៃការលេង រហូតដល់អាយុ ៣៨ឆ្នាំ។ ខ្ញុំចង់លេងឲ្យបានយូរ។ ប៉ុន្តែខ្ញុំលែងក្លាយជាកីឡាករដ៏មានឥទ្ធិពលទៀតហើយ។ ខ្ញុំអរគុណគ្រប់យ៉ាងដែលវិស័យបាល់ទាត់បានផ្តល់ឲ្យខ្ញុំ។ ឥឡូវដល់ពេលវេលាដែលខ្ញុំត្រូវធ្វើអ្វីផ្សេង»

Hernanes បានជាប់លេងឲ្យក្រុមជម្រើសជាតិសាំបាប្រេស៊ីលចំនួន ២៧ប្រកួត ហើយក៏ជាសមាជិកម្នាក់ក្នុងក្រុមរបស់លោក Luiz Felipe Scolari នៅឯការប្រកួតក្នុងព្រឹត្តិការណ៍ 2014 World Cup ផងដែរ ខណៈក្រុមម្ចាស់ផ្ទះមួយនេះបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤។

អាជីពរបស់លោកក្នុងវិស័យបាល់ទាត់រួមមានទាំងនៅក្លិប Lazio, Inter Milan, Juventus និងក្លិប Hebei China Fortune ស្ថិតក្នុងចំណោមក្លិបផ្សេងទៀត៕