(មេនឆេស្ទើ)៖ ទម្រង់លេងរបស់ក្លិបបិសាចក្រហម Manchester United នឹងកាន់តែល្អប្រសើរនៅរដូវកាលក្រោយ បន្ទាប់ពីការទទួលបានលទ្ធផលខកចិត្ត ក្នុងរដូវកាល ២០២១-២០២២។ នេះបើតាមសម្តីកីឡាកររបស់ខ្សែការពារ Raphael Varane ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

United កំពុងឈរនៅលំដាប់ទី៦ ក្នុងលីគ Premier League ហើយនឹងត្រូវខកខានការប្រកួត Champions League នារដូវកាល ២០២២-២០២៣ ផងដែរ។

«មែនទែនទៅ វាមិនមែនជាលទ្ធផលដូចអ្វីដែលយើងរំពឹងទុកនោះទេ ប៉ុន្តែខ្ញុំនៅតែមានភាពវិជ្ជមាន ហើយខ្ញុំគិតថា រដូវកាលក្រោយនឹងកាន់តែល្អប្រសើរ» នេះបើតាមសម្តី Varane។

លោក Erik ten Hag ដែលជាអ្នកចាត់ការរបស់ក្លិបហូឡង់ Ajax នឹងឡើងទទួលតំណែងដឹកនាំក្លិប Man Utd នៅរដូវកាលក្រោយ ខណៈអ្នកចាត់ការបណ្តោះអាសន្ន Ralf Rangnick ឡើងទៅកាន់តួនាទីជាទីប្រឹក្សាក្លិបវិញ៕