(វីឡារៀល)៖ Liverpool បានដាក់គោលដៅឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាលើកទី៧ នៃរដូវកាលនេះរបស់ពួកគេ នៅពេលឈានដល់វគ្គផ្តាច់ព្រ័ត្រមុនគេ បន្ទាប់ពីវាយបកទម្លាក់គូប្រជែង Villarreal ក្នុងលទ្ធផល ៣-២ បញ្ចប់ជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយនារាត្រីឆ្លងចូលថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

ក្រុមហង្សក្រហមរបស់អង់គ្លេសខាងលើនេះ ក្រោមការបង្វឹករបស់លោក Jurgen Klopp បានឈ្នះពាន UCL លើកទី៦ ចុងក្រោយក្នុងឆ្នាំ២០១៩ និងជាការឈានដល់វគ្គផ្តាច់ព្រ័ត្រលើកទី៣ ផងដែរក្នុងចំណោម ៥រដូវកាលចុងក្រោយនេះ និងជាការឈានដល់វគ្គផ្តាច់ព្រ័ត្រលើកទី៣ នារដូវកាលនេះផងដែរ ក្រៅពីឈ្នះពាន League Cup ១រួចហើយ នៅឡើយពាន FA Cup ដែលត្រូវប៉ះតោខៀវ Chelsea និងពាន UCL ក្នុងខែឧសភានេះដូចគ្នា។

ពួកគេត្រូវរង់ចាំគូប្រជែងរវាងក្រុមឈ្នះ Manchester City ឬក៏ Real Madrid ដែលត្រូវប្រកួតបញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររាត្រីនេះនៅទឹកដីអេស្ប៉ាញដូចគ្នា ដ្បិតក្រុមកំពូលតារាងលីគកំពូលអង់គ្លេស Man City បានយកឈ្នះ Real Madrid ៤-៣ កាលពីជើងទី១ នៅទឹកដី Etihad Stadium។

កីឡាករ Boulaye Dia និង Francis Coquelin រកបានម្នាក់ ១គ្រាប់នាំមុខសម្រាប់វគ្គទី១ ឲ្យក្រុមម្ចាស់ផ្ទះ Villarreal ដែលធ្វើឲ្យលោក Unai Emery ហាក់មានសង្ឃឹមឡើងវិញ ដ្បិតស្មើគ្រាប់កាលពីចាញ់ជើងទី១ នៅកីឡដ្ឋាន Anfield មុនពេលពួកគេបានរបូត ៣គ្រាប់វិញភ្លាមៗក្នុងរយៈពេល ៤៥នាទីដែលនៅសល់ពីការធ្វើបានសម្រេចរបស់កីឡាករ Fabinho, Luis Diaz និង Sadio Mane ជាមួយនឹងការបាត់បង់សមាជិក Capoue ដោយសារទទួលបានកាតលឿង ២ដងទៀតផង៕